ឯកឧត្តម សុខ លូ ទទួលបងប្អូនពលករខ្មែរមកដល់ស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង
AKP បាត់ដំបង ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥-- បងប្អូនពលករខ្មែរជាច្រើននាក់បន្ថែមទៀតបានបន្តចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ដោយមានការសម្របសម្រួល និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅពី ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងក្រុមការងារពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ និងលោកជំទាវ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ផ្ដល់អាហារសម្រន់ និងទឹកសុទ្ធដល់ពលករផងដែរ។

ឯកឧត្តម សុខ លូ បានសង្កត់ធ្ងន់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់ និងផ្ដល់រថយន្តក្រុងរាប់រយគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនពលករខ្មែរទៅដល់ស្រុកកំណើតរៀងៗខ្លួនវិញប្រកបដោយសុខសុវត្ថិភាព។

ពលករខ្មែរបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងមានភាពកក់ក្ដៅនៅពេលដែលមកដល់ស្រុកកំណើតវិញទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាល។ ពលករបានបង្ហាញបំណងស្វែងរកការងារធ្វើនៅក្នុងស្រុកខ្មែរ និងលែងត្រឡប់ទៅធ្វើការនោះប្រទេសថៃទៀតហើយ។ ពលករខ្មែរថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងផ្ដល់រថយន្តក្រុងសម្រាប់ដឹកជញ្ជូនទៅដល់ស្រុកកំណើតដោយឥតគិតថ្លៃ។

សូមរំលឹកថា ជាបន្តបន្ទាប់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលនិងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ៕
ដោយ ណយ នឿន





