ភូមិចំនួន០៨ ក្នុងស្រុកស្អាង ត្រូវបានបិទផ្សាយឯកសារការវិនិច្ឆ័យក្បាលថីជាសាធារណៈ
AKP កណ្ដាល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥-- មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានបន្តជំរុញការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធ ដើម្បីត្រៀមចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសំដៅសម្រេចតាមផែនការដែលបានគ្រោងទុក នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅក្នុងភូមិចំនួន០៨ ក្នុងស្រុកស្អាង ដែលមានចំនួន៦២២៦ក្បាលដី។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានបញ្ជាក់ថា គោលបំណងនៃការបិទផ្សាយជាសាធារណៈ គឺដើម្បីទុកឱកាសឱ្យបងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធទាំងឡាយមកពិនិត្យនូវទិន្នន័យឱ្យមានលក្ខណៈត្រឹមត្រូវ ដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត ប្រភេទទ្រព្យ បើមានកំហុសឆ្គងដោយប្រការណាមួយបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអាចធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុងឯកសារវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ហើយការជំទាស់តវ៉ាអាចធ្វើបានអំឡុងពេល១៥ថ្ងៃចាប់ពីថ្ងៃប្រកាសបិទផ្សាយនេះតទៅហើយក្នុងរយៈពេល១៥ថ្ងៃនេះ គណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដីនឹងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ និងទទួលពាក្យបណ្តឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ។

បន្ទាប់ពីលទ្ធផលនៃការបិទផ្សាយរយៈពេល១៥ថ្ងៃ យើងនឹងទទួលបាននូវទិន្នន័យត្រឹមត្រូវ ដើម្បីបំពេញនីតិវិធីឈានដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋដែលជាអ្នកកាន់កាប់ដី និងដើម្បីរួមចំណែកលើកកម្ពស់ជីវភាព សុខុមាលភាព ស្ថេរភាពសង្គម ការអភិវឌ្ឍ និងប្រើ ប្រាស់ដីធ្លីប្រកបដោយសមធម៌ និងសន្តិភាពផ្លូវចិត្ត។

សូមបញ្ជាក់ផងដែរថា ស្រុកស្អាង បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន៥៣លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន ០៨ភូមិ គឺភូមិឫស្សីស្រុក ភូមិខ្ពបលើ ភូមិបឹងខ្ពប ឃុំខ្ពប ភូមិព្រែកតាប្រាក់ ភូមិតាលន់ ភូមិចុងកោះតូច ភូមិកណ្តាល កោះតូច និងភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង សរុបមានចំនួន ៦ ២២៦ក្បាលដី៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





