UNDP នឹងសហការជាមួយ ស៊ីម៉ាក់ ព្រមទាំងដៃគូដទៃទៀតដើម្បីលើកកម្ពស់ការយល់ដឹងរបស់ជនភៀសសឹក ពីអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះបង្កឡើងសង្រ្គាមកម្ពុជា-ថៃ
AKP សៀមរាប ថ្ងៃទី០៨ ខែ សីហា ឆ្នាំ ២០២៥ -- តាមរយៈជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ពិសេសការបាញ់ដោយគ្រាប់ផ្លោងទាំងតាមយន្តហោះ កាំភ្លើងធំ និងការបាញ់គ្រាប់បែកចង្កោមពីភាគីថៃមកលើកម្ពុជានោះបានបង្កគ្រោះថ្នាក់យ៉ាងខ្លាំងក្លាដល់ប្រជាពលរដ្ឋរស់នៅក្បែរតំបន់ព្រំដែន។

ក្នុងដំណើរទស្សនកិច្ចចុះពិនិត្យជំរុំជនភៀសសឹក ដែលស្ថិតនៅក្នុងវត្ដប្រាសាទបន្ទាយស្រី ឃុំដំដែក ស្រុកសូត្រនិគម ខេត្ដសៀមរាប កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ លោក Shakeel Ahmad អនុប្រធានបេសកកម្មតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNDP-Cambodia)បានថ្លែងដោយបង្ហាញការសោកស្តាយយ៉ាងខ្លាំងដែលឃើញប្រជាពលរដ្ឋកម្ពុជារងទុក្ខលំបាកដោយក្នុងនេះបានរត់ចាកចេញពីផ្ទះសម្បែងដោយសារសង្រ្គាមប្រដាប់អាវុធរវាងកម្ពុជា និងថៃ ហើយនាំគ្នាមករស់នៅពាសវាលពាសកាល។ យ៉ាងណាក្តីលោកក៏បានស្ងើចសរសើរដល់អាជ្ញាធរពាក់ព័ន្ធដែលបានខិតខំយ៉ាងខ្លាំងក្នុងការផ្តល់តម្រូវការរបស់ប្រជាពលរដ្ឋដែលជាជនភៀសសឹកទាំងអស់នេះផងដែរ។

លោក Shakeel Ahmad សង្ឃឹមថា សន្តិភាពនឹងកើតមានវិញក្នុងពេលឆាប់ៗនេះដើម្បីឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរស់នៅតាមផ្ទះសម្បែងដូចកាលពីមុននេះវិញ។ លោកអនុប្រធានបេសកកម្មបានបញ្ជាក់ឱ្យដឹងដែរថាតំណាងអង្គការ UNDP នឹងសិក្សាពីផលប៉ះពាល់កើតចេញពីទំហំការខូចខាតទាំងសង្គម និងសេដ្ឋកិច្ច និងពិនិត្យលទ្ធភាពក្នុងការចូលរួមចំណែកជួយស្តារឡើងវិញតាមលទ្ធភាពដែលអាចធ្វើទៅបាន។ លោកបានលើកឡើងថា៖ «បច្ចុប្បន្ននេះ UNDP បានចូលរួមចំណែកតាមរយៈការហ្វឹកហ្វឺនសកម្មភាពបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះដោយសហការជាមួយប្រទេសជាដៃគូ និងអង្គការជាដៃគូច្រើនទៀត ក្នុងនេះមានទាំងអូស្រ្តាលី នៅតាមបណ្តាទីតាំងសុវត្ថិភាពទាំងអស់»។

លោក Shakeel Ahmad បានបន្ដទៀតថា បច្ចុប្បន្ននេះ UNDPបានចូលរួមចំណែកតាមរយៈហ្វឹកហ្វឺនអំពី ហានិភ័យនៃអាវុធយុទ្ធភណ្ឌ មិនទាន់ផ្ទុះដោយសហការយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសជាដៃគូ និងអង្គការស៊ីម៉ាក់ របស់កម្ពុជាដើម្បីលើកកម្ពស់ការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋអំពីសុវត្តិភាព និងហានិភ័យ ដើម្បីពលរដ្ឋ អាចវិលត្រឡប់ទៅវិញប្រកបដោយសុវត្តិភាព។ លោកបានបន្ថែមថា៖ «ក្តីសង្ឍឹមដ៏ធំរបស់យើងខ្ញុំគឺ ការចង់ឃើញបទឈប់បាញ់ ត្រូវបានអនុវត្តយ៉ាងពេញលេញ ហើយមានសន្តិភាពជាអចិន្រ្តៃយ៍ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាអាចវិលត្រឡប់ទៅផ្ទះសម្បែងរស់នៅបានសុខដុមរម្យនាវិញ»។

សូមជម្រាបជូនថា សម្រាប់ទីតាំងសុវត្ថិភាពបណ្តោះអាសន្ន ស្ថិតក្នុងវត្តប្រាសាទបន្ទាយស្រី ភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូត្រនិគម ខេត្តសៀមរាប មានចំនួន ៦១៤គ្រួសារ ឬស្មើនឹង ១ ៨៧៤ នាក់ ស្រី ១ ០៤៩ នាក់ កុមារ ៨៥៧នាក់៕




ដោយ៖ មករា រូបថត៖ សំ សាម៉ន





