មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបន្តផ្តល់កូនឈើជូនប្រជាពលរដ្ឋ និងសហគមន៍ ដើម្បីចូលរួមក្នុងយុទ្ធនាការ “ពន្លកបៃតង”
AKP កំពង់ស្ពឺ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥-- លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ចាប់ពីថ្ងៃទី០៥ ខែសីហា រហូតមកដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាសហគមន៍ បានមកទទួលកូនឈើជាបន្តបន្ទាប់ យកទៅដាំតាមទីសាធារណៈ តាមគេហដ្ឋាន សាលារៀន វត្តអារាម និងតាមសហគមន៍ក្នុងយុទ្ធនាការ “ពន្លកបៃតង”។

លោកប្រធានមន្ទីរបានឱ្យដឹងបន្តថា មន្ទីរបរិស្ថានបានចូលរួមធ្វើការបណ្តុះកូនឈើច្រើនប្រភេទ ដូចជា៖ កូនឈើហូបផ្លែ កូនឈើប្រណីត ប្រភេទកូនឈើដាំតាមទីសាធារណៈដែលផ្តល់ម្លប់ និងបរិស្ថានបៃតងស្រស់ស្អាតល្អនោះត្រូវបានបណ្តុះជាបន្តបន្ទាប់ ហើយនឹងត្រូវយកទៅដាំតាមទីតាំងនានាក្នុងនេះដូចជាព្រៃសហគមន៍ សាលារៀន វត្តអារាម ទីសាធារណៈជាដើម។ តាមរយៈយុទ្ធនាការនេះ លោកប្រធាមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានជំរុញឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ខេត្ត ក្រុង ស្រុកចូលរួមបណ្តុះកូនឈើ ហើយចែកជូនដល់ ប្រជាពលរដ្ឋ និងប្រជាសហគមន៍ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើនេះនាថ្ងៃខាងមុខ។

ជាមួយគ្នានេះដែរ តាមរយៈយុទ្ធនាការ "ពន្លកបៃតង" លោក ច័ន្ទថេត ថានរៈ បានជំរុញឱ្យប្រជាពលរដ្ឋ ចូលរួមដាំដើមឈើ ដាំស្តារព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ និងបរិស្ថានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូន ដើម្បីអាចបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។ ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជាសហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់កាបូន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពីចំណូលតាមរយៈភ្ញៀវទេសចរនាពេលបច្ចុប្បន្ន។ លើសពីនេះការដាំកូនឈើហូបផ្លែនៅតាមតំបន់សហគមន៍មិនត្រឹមតែជួយបង្កើនភាពស្រស់ស្អាតដល់ភ្នែកទេសចរទេ តែដើមឈើទាំងនោះនៅពេលហុចផលផ្លែ អាចផ្តល់នូវប្រាក់ចំណូលតាមរយៈការលក់ដល់ភ្ញៀវទេសចរសម្រាប់ការជួយបង្កើនជីវភាពប្រជាសហគមន៍ថែមទៀត។

លោក ច័ន្ទថេត ថានរៈ បានបញ្ជាក់ថា ការបណ្តុះកូនឈើ និងការដាំកូនឈើឡើងវិញរបស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មិនមែនត្រឹមតែចូលរួមការពារ និងអភិរក្សព្រៃឈើនោះទេ តែកិច្ចការនៃការចូលរួមដាំដើមឈើ ក៏បានផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ក្រៅពីនេះ វានឹងរួមចំណែកបង្កើនប្រភេទពូជឈើប្រណីត និងប្រភេទឈើផ្សេងៗបន្ថែមលើវត្តមានរបស់រុក្ខជាតិនៅក្នុងព្រៃស្រាប់ និងបង្ហាញសម្រស់កាន់ស្រស់បំព្រងបន្ថែមទៅដល់ភ្ញៀវទេសចរដែលបានមកទស្សនានៅក្នុងតំបន់ទាំងនោះ៕
ដោយ លឹម សាន្ត





