ឧត្ដមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការីគោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជនពលីក្នុងសមរភូមិ នៅស្រុកតាំងគោក ខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥-- ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំសហការីទៅគោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជនពលី លោក វរសេនីយ៍ត្រី ប៊ូ ផូ នៅអង្គភាពវរសេនាតូចលេខ៣៨២ កងពលតូចលេខ៨ ចំណុះកងពលធំលេខ៣ ដែលបានពលីជីវិតកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងសមរភូមិការពារបូរណភាពទឹកដីនៅទិសព្រំដែនកម្ពុជា-ថៃ ដោយពិធីនេះប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព ភូមិវាលតូច ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាពន់ពេកចំពោះការបាត់បង់វីរយុទ្ធជនរបស់យើងដែលបានលះបង់អាយុជីវិតដ៏អង់អាចក្លាហាននៅក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជា ពីការបំពានទឹកដីពីសំណាក់ពួកចោរសៀមឈ្លានពាន។ ការលះបង់ដ៏ធំធេងនេះ យើងខ្ញុំទាំងអស់គ្នាជាប្រជាជនកម្ពុជាចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ។

ជាមួយនេះផងដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានសំណេះសំណាល និងជម្រាបជូនក្រុមគ្រួសារសពថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចងចាំជានិច្ចនូវគុណូបការ:ដ៏ថ្លៃថ្លានេះ បានចារឹកទុកជាប្រវត្តិសាស្រ្ត និងរៀបចំដោះស្រាយគោលនយោបាយ ឧបត្ថម្ភជូនក្រុមគ្រួសារសពឱ្យបានសរម្យ និងពិនិត្យមើលអំពីស្ថានភាពផ្ទះរបស់វីរយុទ្ធជនពលីក្នុងករណីមិនសមរម្យ ដើម្បីរៀបចំសាងសង់ផ្ទះថ្មីជូនគាត់ ឱ្យមានជម្រកស្នាក់នៅបានសមរម្យ ដោយឡែកចំពោះគ្រួសារយោធិនពលី ឬពិការ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសម្រេចលុបចោលនូវបំណុលទាំងស្រុងផងដែរ។


ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងនូវការគោរពដឹងគុណមិនអាចបំភ្លេចបាននូវវីរភាពអង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដីនេះ ដោយបានលំអោនកាយគោរពវិញ្ញាណក្ខន្ធ ដោយក្តីក្តុកក្តួលរំជួលចិត្ត ជាទីបំផុត និងបានសូមបួងសួងដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនយើង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ស៊ុម វណ្ណា





