រដ្ឋបាលខេត្តបន្ទាយមានជ័យផ្សព្វផ្សាយការងារ និងរបបសន្តិសុខសង្គម ជូនពលករត្រឡប់ពីប្រទេសថៃ
AKP បន្ទាយមានជ័យ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥-- លោក យឹម សំណាង អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងផ្សព្វផ្សាយព័ត៌មានសំខាន់ៗដល់បងប្អូនប្រជាពលរដ្ឋដែលទើបតែត្រឡប់មកពីប្រទេសថៃវិញ។

វេទិកាការងារ និងវេទិកាផ្សព្វផ្សាយស្តីពីអត្ថប្រយោជន៍របបសន្តិសុខសង្គមនេះ ត្រូវបានធ្វើឡើងនៅឃុំបុស្បូវ និងឃុំទានកាំ ក្នុងស្រុកព្រះនេត្រព្រះ នាថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីជួយសម្រួលដល់ការវិលត្រឡប់របស់ពលករឱ្យទទួលបានព័ត៌មានច្បាស់លាស់ និងមានជម្រើសការងារសមស្របនៅកម្ពុជា។

ក្នុងឱកាសនោះ លោក យឹម សំណាង បានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចរដ្ឋបាលខេត្តចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសពលករដែលទើបត្រឡប់មកពីធ្វើការនៅក្រៅប្រទេស។ លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តបានសហការជាមួយក្រុមហ៊ុន និងរោងចក្រនានាក្នុងខេត្ត និងខេត្តជិតខាង ដើម្បីស្វែងរកកន្លែងការងារជូនបងប្អូនឱ្យបានឆាប់រហ័ស ។

លោកបានសង្កត់ធ្ងន់ថា គោលបំណងសំខាន់នៃវេទិកានេះគឺផ្តល់ឱកាសការងារជួយសម្របសម្រួលឱ្យបងប្អូនដែលកំពុងស្វែងរកការងារទទួលបានការងារធ្វើ ដើម្បីបង្កើនប្រាក់ចំណូល និងដោះស្រាយជីវភាពគ្រួសារ។ ផ្សព្វផ្សាយរបបសន្តិសុខសង្គមពលករគ្រប់រូបមានសិទ្ធិទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមរបស់រដ្ឋាភិបាល ដែលផ្តល់ការការពារសុខភាព គ្រោះថ្នាក់ការងារ និងប្រាក់សោធននិវត្តន៍នាពេលអនាគត។

ជាមួយគ្នានេះដែរ លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារថ្នាក់ខេត្តដែលបានចុះមកដល់មូលដ្ឋានផ្ទាល់ និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីទទួលបានព័ត៌មាន និងអត្ថប្រយោជន៍ទាំងនេះឱ្យបានទូលំទូលាយ។
វេទិកានេះបានផ្តល់លទ្ធភាពឱ្យពលករបានជួបដោយផ្ទាល់ជាមួយអ្នកផ្តល់ការងារ និងបានស្វែងយល់កាន់តែច្បាស់អំពីសិទ្ធិរបស់ខ្លួនក្នុងនាមជាពលរដ្ឋកម្ពុជា។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងផ្តល់ឱកាសថ្មីៗជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
ដោយ ឈុន សារ៉ាត





