ប្រជាពលរដ្ឋភៀសខ្លួនពីតំបន់ព្រំដែន បង្ហាញក្ដីសង្ឃឹមក្រោយទទួលបានអំណោយ និងត្រៀមវិលត្រឡប់ទៅផ្ទះវិញ
AKP បន្ទាយមានជ័យ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥-- ក្តីរំភើបរីករាយ និងស្នាមញញឹមបានលេចឡើងលើផ្ទៃមុខប្រជាពលរដ្ឋចំនួន៩៣៨គ្រួសារ ដែលបានភៀសខ្លួនចេញពីតំបន់តាមបណ្ដោយព្រំដែន មកកាន់ទីទួលសុវត្ថិភាពបណ្ដោះអាសន្ននៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្នុងឱកាសទទួលបានអំណោយមនុស្សធម៌ពីឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ និងអង្គការ Good Neighbors នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ។ ជំនួយដ៏ទាន់ពេលវេលានេះ មិនត្រឹមតែជាការផ្ដល់ស្បៀងអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ តែជាការបង្ហាញពីការយកចិត្តទុកដាក់ និងភាពកក់ក្ដៅរបស់អាជ្ញាធរ ក៏ដូចជាសប្បុរសជន ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ។

ក្រោយពីបានទទួលជំនួយ ប្រជាពលរដ្ឋបានសម្តែងនូវក្ដីសង្ឃឹមយ៉ាងមុតមាំក្នុងការវិលត្រឡប់ទៅផ្ទះសម្បែងវិញ ដោយសុវត្ថិភាព បន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី បានបញ្ចប់ដោយជោគជ័យ និងមានលទ្ធផលជាផ្លែផ្កា ដោយភាគីពាក់ព័ន្ធបានឯកភាពគ្នាលើលក្ខខណ្ឌនៃបទឈប់បាញ់។

អ្នកស្រី សេង សាម៉ៃ អាយុ ៤២ ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់ដែលបានភៀសខ្លួនពីព្រំដែន បានថ្លែងប្រាប់ដោយក្ដីរំភើបថា «យើងពិតជាចង់បានសន្តិភាព មិនចង់បានសង្គ្រាមទេ ព្រោះសង្គ្រាមបានបង្ខំឱ្យយើងចាកចេញពីផ្ទះសម្បែង ហើយរស់នៅក្នុងស្ថានភាពលំបាក។ ពេលនេះយើងពិតជារីករាយខ្លាំងណាស់ ដែលបានឮដំណឹងល្អ ហើយមានសង្ឃឹមថានឹងបានត្រលប់ទៅផ្ទះវិញឆាប់ៗ»។ សម្ដីនេះបានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមរបស់ពលរដ្ឋទាំងអស់ដែលបានជម្លៀសខ្លួន។

លោក ឌឹម វណ្ណនី អាយុ ៥៦ ឆ្នាំ ក៏បានបន្ថែមថា «ខ្ញុំបានចាកចេញពីផ្ទះទាំងកណ្ដាលយប់ ដោយមិនបានយកអ្វីមកជាមួយទេ គឺយកតែជីវិត។ ខ្ញុំពិតជាសង្ឃឹមថា សន្តិភាពនឹងនៅស្ថិតស្ថេរ ដើម្បីឱ្យខ្ញុំអាចទៅធ្វើស្រែចម្ការ និងរស់នៅបានដោយគ្មានការភ័យខ្លាច»។ ចំណែកកញ្ញា ស្រី ពៅ អាយុ ១៩ ឆ្នាំ ដែលបានចាកចេញពីភូមិកាលពីប៉ុន្មានសប្តាហ៍មុន ក៏បានសម្តែងក្ដីរំពឹងដែរថា «ខ្ញុំចង់ត្រលប់ទៅផ្ទះវិញដើម្បីរៀន និងជួយការងារឪពុកម្តាយខ្ញុំ។ ដំណឹងបទឈប់បាញ់នេះ ពិតជាបានផ្តល់កម្លាំងចិត្តដល់ពួកយើងយ៉ាងខ្លាំង»។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋទាំងអស់ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែស្វែងរកសន្តិភាព និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ពួកគេក៏បានសម្តែងការដឹងគុណចំពោះវីរកងទ័ពកម្ពុជាដែលបានលះបង់ និងប្ដូរផ្ដាច់ការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ការវិលត្រឡប់ទៅផ្ទះវិញរបស់ប្រជាពលរដ្ឋទាំងនេះ គឺជាសញ្ញាណដ៏វិជ្ជមានមួយដែលបង្ហាញពីប្រសិទ្ធភាពនៃកិច្ចប្រជុំ GBC ក៏ដូចជាការប្ដេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធក្នុងការរក្សាសន្តិភាពនៅតាមតំបន់ព្រំដែន។ ប្រជាពលរដ្ឋទាំងអស់រំពឹងថា ស្ថិរភាពនឹងបន្តស្ថិតស្ថេរ ដើម្បីឱ្យពួកគេអាចបន្តការងារកសាងជីវភាព និងអភិវឌ្ឍគ្រួសាររបស់ពួកគេឡើងវិញ ដោយគ្មានការភ័យខ្លាច៕
ដោយ ឈុន សារ៉ាត





