អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍ នៅក្នុងខេត្ដព្រៃវែង
AKP ព្រៃវែង ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ --អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តព្រៃវែង រួមគ្នាចុះផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនក្នុងវិស័យទេសចរណ៍ និង App NoDrug លើទីតាំងសេវាទេសចរណ៍ចំនួន៣១ ដែលមានបុគ្គលិកសរុប៥០៨នាក់ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅខេត្ដព្រៃវែង។

ឯកឧត្តម ឡោ សុវិជ្ជា ជាសមាជិក និងជាប្រធានលេខាធិការដ្ឋានគណ:កម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍បានបញ្ជាក់ឱ្យដឹងថា ការចុះផ្សព្វផ្សាយផ្ទាល់ដល់មូលដ្ឋានទេសចរណ៍គឺដើម្បីពង្រឹងសមត្ថភាពម្ចាស់ទីតាំងសេវាទេសចរណ៍ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែប្រសិទ្ធភាពបន្ថែមទៀត។

លោក នុត សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តបានថ្លែងបញ្ជាក់ពីការងារលើកកម្ពស់ ទាក់ទាញវិស័យទេសចរណ៍ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរួមចំណែកការងារសន្តិសុខ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ។

ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជាការងាររួមដែលត្រូវរួមគ្នាដោះស្រាយ ហើយការបន្តរួមគ្នាបង្កើនការផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន និងបំផុសការប្រើប្រាស់ App NoDrug គឺពិតជាអាចដោះស្រាយបាននូវកង្វល់របស់ប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀន។
ឯកឧត្តមឧត្តមសេនីយ៍ឯកបានបន្ថែមថា ដោយសំណូមពរដល់មន្ទីរទេសចរណ៍ខេត្តព្រៃវែងបន្តសហការចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តពង្រឹងលើកកម្ពស់ការអនុវត្តវិធានការណ៍រដ្ឋបាលចំពោះគ្រឹះស្ថានឯកជនក្នុងវិស័យទេសចរណ៍ បង្កើនសកម្មភាពជំរុញនិងប្រើប្រាស់ App NoDrug (ទាញយក https://nodrugsnacd.com/download_kh) ដើម្បីបន្តរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕
ដោយ៖ រិទ្ធី ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





