ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ប្រដូចមន្រ្តីសុខាភិបាលទាំងអស់ ជាកងទ័ពស្ងប់ស្ងាត់ជួរក្រោយ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រដូចមន្រ្តីសុខាភិបាលទាំងអស់ ជាកងទ័ពស្ងប់ស្ងាត់ជួរក្រោយ ដែលត្រូវខិតខំទ្រោលសភាពការណ៍ ដោយធានាឱ្យមានសេវា២៤ម៉ោង ប្រកបដោយគុណភាពសម្រាប់ថែទាំ និងព្យាបាលជំងឺជូនប្រជាជន និងកងទ័ព និងជំរុញឱ្យមន្រ្តីសុខាភិបាលទាំងអស់បន្តវីរភាពនេះរហូតដល់ស្ថានការណ៍បានត្រឡប់មករកភាពប្រក្រតីវិញទាំងស្រុង។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានលើកឡើងដូចនេះ ក្នុងឱកាសចុះពិនិត្យនៅមណ្ឌលសុខភាពស្រីស្នំ សួរសុខទុក្ខមន្រ្តីសុខាភិបាល និងប្រជាជននៅតាមទីសុវត្ថិភាព នៅខេត្តឧត្តរមានជ័យ និងចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៤២០នាក់ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។


តាងនាមឱ្យថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងសហភាតរៈសុខាភិបាលទាំងអស់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល នៃមន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកគ្រប់កម្រិត និងមណ្ឌលសុខភាពទាំងអស់ ដែលកំពុងផ្តល់សេវាថែទាំសុខភាពយ៉ាងសកម្មជូនដល់ប្រជាជន និងកងទ័ពនៅតាមបណ្តោយព្រំដែនក្នុងស្ថានការណ៍ដ៏តានតឹងនាពេលកន្លងមក។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានលើកឡើងពីចំណុចសំខាន់៣ ដែលអ្នកដឹកនាំត្រូវមាន គឺ ចក្ខុវិស័យ យុទ្ធសាស្រ្ត និងមធ្យោបាយ។ នៅក្នុងន័យនេះ ឯកឧត្តមសាស្រ្តាចារ្យបានជំរុញអ្នកដឹកនាំសុខាភិបាលទាំងអស់ឱ្យប្រើប្រាស់មធ្យោបាយដែលមានលក្ខណៈប្រកដប្រជា ជាក់ស្តែង ខិតទៅភាពត្រឹមត្រូវ ហើយអាចនាំក្រុមការងារទៅការសម្រេចចក្ខុវិស័យ។

សូមជម្រាបជូនថា ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញចំនួនពីរ មកពីមន្ទីរពេទ្យបង្អែកព្រែកព្នៅ រាជធានីភ្នំពេញ និងមន្ទីរពេទ្យបង្អែកកោះអណ្តែត ខេត្តតាកែវ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





