ជនភៀសសឹកចំនួន៣៥គ្រួសារ និងពលករ៤គ្រួសារ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
AKP កំពង់ចាម ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥-- ប្អូនប្រជាពលរដ្ឋដែលបានភៀសខ្លួនមកពីខេត្ត៥ ជាប់តំបន់ព្រំដែន ចំនួន៣៩គ្រួសារ ក្នុងនោះពលករ៤គ្រួសារមកពីខេត្តប៉ៃលិន បាត់ដំបង ឧត្តរមានជ័យ ព្រះវិហារ និងបន្ទាយមានជ័យ កំពុងស្នាក់នៅក្នុងសង្កាត់ទាំង៤របស់ក្រុងកំពង់ចាម បានទទួលអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការចែកដោយផ្ទាល់ដោយលោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា។


ក្នុងឱកាសនោះ លោកស្រី ប៉ាង ដានី បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឩត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូនយើងដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលតំបន់ព្រំដែនមានសភាពតានតឹង បង្ខំឱ្យបងប្អូន ត្រូវចាកចោលលំនៅឋាន ផ្ទះសម្បែងមួយរយ: ដើម្បីជម្លៀសខ្លួន និងគ្រួសារ ចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន។ ជានិច្ចជាកាល សម្តេចប្រធានបានណែនាំដល់គ្រប់ថ្នាក់របស់កាកបាទក្រហមកម្ពុជា ត្រូវយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព និងធ្វើអន្តរាគមន៍ជួយដោះស្រាយ សម្រាលទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះ ពិសេសជនភៀសសឹកឱ្យទាន់ពេលវលា ដោយមិនរើសអើង ឬប្រកាន់និន្នាការនយោបាយ ឬមូលហេតុអ្វីឡើយ។
លោកស្រី ប៉ាង ដានី ក៏បានអំពាវនាវដល់បងប្អូនទាំងអស់គ្នា ត្រូវចេះថែទាំសុខភាពរបស់ខ្លួនឱ្យបានល្អ និងអនុវត្តនូវវិធានអនាម័យស្អាត៣យ៉ាង របស់សុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជំងឺរាតត្បាតនានា នាំឱ្យប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន។
ចំពោះ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុង១គ្រួសារ ទទួលបានអង្ករ២៥គ.ក្រ មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និង ឃីត១សម្រាប់ (មុង ភួយ សារុង ក្រមា) ផងដែរ៕



ដោយ ឆាយ ម៉ុត





