ឯកឧត្តម យឹម សុខុម ដឹកនាំប្រតិភូខេត្តកំពង់ស្ពឺ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកព្រិន្ទបាលឯក ណៃចន្នី ដែលបានពលីជីវិត
AKP កំពង់ស្ពឺ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំប្រតិភូខេត្តកំពង់ស្ពឺ ស្រុក ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកព្រិន្ទបាលឯក ណៃ ចន្នី ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពសៀម ដោយពិធីបុណ្យរៀបចំនៅភូមិរំលឹក ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
គួររំឭកផងដែរថា លោកព្រិន្ទបាលឯក ណៃ ចន្នី មុខងារនាយរងក្រុម៣កងអនុសេនាតូចDKZ82មីលីម៉ែត្រ កងអនុសេនាធំគាំទ្រ382 វរសេនាតូចលេខ 82 បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធភ្នំទ្រព្យ កាលពីថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ៤៥ឆ្នាំ។


មរណភាពរបស់លោកព្រិន្ទបាលឯក ណៃ ចន្នី គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុតដែលលោកព្រិន្ទបាលឯក បានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗ ដល់កូន ក្មួយ និងចៅៗ ឱ្យក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌នៅក្នុងសង្គមជាតិ ជាពិសេសគឺបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលបានរួមចំណែក យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយខ្មាំងសៀម ដែលបានឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាយើង។ លោកព្រិន្ទបាលឯកបានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងស្វិតស្វាញ ដែលនេះបានបង្ហាញពីគំរូវីរភាពដែលយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានេះ។


នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកព្រិន្ទបាលឯក ណៃ ចន្នី បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ លឹម សាន្ត





