អំណោយជាគ្រឿងឧបភោគបរិភោគបានប្រគល់ជូនវីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០២៥-- អំណោយជាគ្រឿងឧបភោគ បរិភោគប្រមាណ ៣៣មុខ ត្រូវបានក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញនាំមកប្រគល់ជូនវីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ខេត្តព្រះវិហារ ដោយពិធីប្រគល់ និងទទួលអំណោយរបស់សប្បុរសជនពលរដ្ឋក្នុងរាជធានីភ្នំពេញ បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ឯក ឃុនដឿន អភិបាលរងរាជធានី តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនលោកឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជារងកងអង្គរក្ស នៅទីបញ្ជាការដ្ឋានកងអង្គរក្សប្រចាំទិសខេត្តព្រះវិហារ។
ឯកឧត្តម ឯក ឃុនដឿន ក៏បានអរគុណចំពោះទឹកចិត្តប្រជាពលរដ្ឋដែលតែងតែចូលរួមចែកធនធានតាមលទ្ធលភាពរៀងៗខ្លួន ឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបាននិងកំពុងជម្លៀសចេញពីផ្ទះសម្បែងមកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រឡាញ់ខ្មែរ ក្នុងស្មារតីខ្មែរជួយខ្មែរ។


ឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជារងកងអង្គរក្ស បានមានប្រសាសន៍ថា ជំនួសមុខឱ្យវីរកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនជួរមុខទាំងអស់ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមកាងាររដ្ឋបាលរាជធានីភ្នំពេញ ដែលបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគរបស់សប្បុរសជននៅរាជធានីភ្នំពេញ និងអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញមកប្រគល់ជូនដល់កងទ័ពជួរមុខ។


ឧត្តមសេនីយ៍ឯក សួន ពិរុណ បានថ្លែងថា ទឹកចិត្តបងប្អូនប្រជាពលរដ្ឋគឺជាកម្លាំងចិត្តដ៏ធំធេងនៅពីក្រោយពួកយើងខ្ញុំទាំងអស់គ្នា។ យើងខ្ញុំទាំងអស់គ្នាសូមប្តេជ្ញាការពារដែនអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពានថៃឱ្យបានដាច់ខាត។
អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញនាំយកមកប្រគល់ជូនដល់កងអង្គរក្សនាពេលនេះ រួមមាន៖ ថ្នាំពេទ្យ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអៀវ ទឹកសុទ្ធ ទឹកក្រូច មី ភួយមុង អាវ អាវរងា អាវភ្លៀង កន្ទេល បន្លែ ត្រីសាច់ និង សម្ភារប្រើប្រាស់ផ្សេងៗប្រមាណចំនួន៣៣មុខ សរុបទម្ងន់៥០តោន៕
ដោយ សួស សំរិត





