ភូមិភាគទី៤ កម្ពុជា ស្នើឱ្យកងទ័ពភូមិភាគទី២របស់ថៃ មិនត្រូវដើរចូលមកទីតាំងដែនដីកម្ពុជា និងត្រូវគោរពបទឈប់បាញ់គ្នា
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥--
ក្នុងកិច្ចប្រជុំ រវាងមេបញ្ជាការភូមិភាគទី៤ កម្ពុជា និង មេបញ្ជាការភូមិភាគទី២របស់ថៃ ដែលធ្វើឡើងនៅ អូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ នៅវេលាម៉ោង១០៖២០នាទី ហើយបញ្ចប់ទៅវិញនៅម៉ោង១០៖៤៥នាទីព្រឹក ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០២៥នេះ ខាងកម្ពុជាបានស្នើឱ្យកងទ័ពថៃ កុំដើរចូលមកទីតាំងដែនដីកម្ពុជា និងត្រូវគោរពឱ្យបាននូវបទឈប់បាញ់គ្នា តាមរយៈកិច្ចព្រមព្រៀង នៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។ នេះគឺជាការបញ្ជាក់ពីសំណាក់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា ក្នុងកិច្ចប្រជុំនេះ គឺខាងបញ្ជាការភូមិភាគទី២ ភាគីថៃបានលើកឡើងដូចជា ទី១- ភាគីទាំងពីរបានជួបគ្នាក្នុងកម្រិតថ្នាក់យោធភូមិភាគគឺជាកម្រិតគ្មានសិទ្ធិសម្រេចគ្រប់កិច្ចការហួសពីដែនសមត្ថកិច្ននោះទេ។ ទី២- ក្រោយព្រឹត្តិការណ៍កើតឡើងក៏មានការលើកឡើងនៅបណ្តាញសង្គមជាច្រើនដែលធ្វើឱ្យមានការយល់ច្រឡំទាំងសងខាង។ ទី៣- សូមសម្តែងការសោកស្តាយចំពោះការខូចខាតបាត់បង់ជីវិត ទ្រព្យសម្បត្តិធ្វើឱ្យមានការលំបាកទាំងសងខាង។

លោកជំទាវឧត្តមសេនីយ៍ឯកបានលើកឡើងថា ដោយឡែកខាងភាគីកម្ពុជាវិញបានថ្លែងចំណុចមួយចំនួនដូចជា ទី១- ត្រូវអនុវត្តន៍បទឈប់បាញ់នៅនឹងកន្លែង ទៅតាមកិច្ចព្រមព្រៀងដែលនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានសម្រេចនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ទី២- មិនត្រូវធ្វើការចល័តទ័ព និងគ្រឿងសព្វាវុធ។ ទី៣- ចំពោះបងប្អូនកងទ័ពដែលមានជំងឺ របួសដែលត្រូវដឹកជញ្ជូនទៅព្យាបាល ភាគីថៃមិនត្រូវមានការភាន់ច្រឡំ និងមិនត្រូវបាញ់មកលើកម្ពុជាទេ ត្រូវសួរបញ្ជាក់គ្នាជាមុន និងជូនដំណឹងគ្នាជាមុនសិន។ ទី៤- សំណូមពរទៅកាន់ភាគីថៃមិនត្រូវដើរចូលមកទីតាំងដែនអធិបតេយ្យរបស់កម្ពុជា ហើយកម្ពុជាបានគោរពនូវបទឈប់បាញ់ យ៉ាងម៉ឺងម៉ាត់រួចហើយ ចាប់តែពីចូលជាធរមាន និង ស្នើឱ្យភាគីថៃគោរពឱ្យបានដូចគ្នាផងដែរ។ ជាមួយគ្នានេះ ត្រូវដោះស្រាយជាបន្ទាន់ដោយគ្មានលក្ខខណ្ឌចំពោះករណីដែលបានជជែកគ្នា ។
ក្នុងឱកាសនោះ លោកជំទាវឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានបន្ថែមថា ជាកិច្ចឆ្លើយតបក្នុងកិច្ចប្រជុំនេះភាគីថៃបញ្ជាក់ថា នឹងចូលរួមដោះស្រាយ ហើយ ភាគីទាំងពីរបានឯកភាពក្នុងការបង្កើតក្រុមទំនាក់ទំនងគ្នាក្នុងនេះកំណត់ខាងភាគីថៃ៤រូបនិងកម្ពុជាចំនួន៤រូប ដើម្បីដោះស្រាយបញ្ហានានាដែលបានកើតឡើង៕
ដោយ៖ មករា





