សាលារៀនសុវណ្ណភូមិប្រកាសផ្ដល់អាហារូបករណ៍១០០ភាគរយ ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិត ដើម្បីបុព្វហេតុការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥--
ក្នុងស្មារតីស្រឡាញ់ជាតិមាតុភូមិ ជាពិសេសស្រឡាញ់គ្នាក្នុងគ្រាមានទុក្ខលំបាក សាលារៀនសុវណ្ណភូមិ ដែលជាគ្រឹះស្ថានអប់រំឯកជនដ៏រឹងមាំនៅកម្ពុជា បានប្រកាសជូនដំណឹងដល់ក្រុមគ្រួសារយុទ្ធជនពលីជីវិតក្នុងបុព្វហេតុការពារជាតិថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលី លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានសម្រេចផ្ដល់អាហារូបករណ៍១០០ភាគរយ រហូតដល់ចប់ថ្នាក់ទី១២ ទាំងកម្មវិធីចំណេះទូទៅខ្មែរ និងភាសាអង់គ្លេសទូទៅជូនដល់កូនៗយុទ្ធជនពលីជីវិតក្នុងបុព្វហេតុការពារជាតិ។
ជាមួយគ្នានេះដែរ សាលារៀនសុវណ្ណភូមិ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមបំផុតចំពោះក្រុមគ្រួសារយុទ្ធជនពលីដ៏អង់អាចក្លាហានរបស់យើង ក្នុងសា្មរតីស្នេហាជាតិ និងបុព្វហេតុការពារជាតិ មាតុភូមិដ៏បវរនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា សម្រាប់ក្រុមគ្រួសារយុទ្ធជនពលី អាចធ្វើការទំនាក់ទំនងមកកាន់សាលារៀនសុវណ្ណភូមិតាម រយៈលេខ ០១៥ ៨៣៨ ០១៥ ឬ ០១៥ ៨៣៨ ៩០២៕

ដោយ៖ ចាន់ សុភឿន





