អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលើកឡើងថា ប្រទេសបារាំងអំពាវនាវឱ្យកម្ពុជា-ថៃ អនុវត្តន៍បទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព
AKP ភ្នំពេញ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបទេស និងសហប្រតិបត្តិការអន្ដរជាតិបានលើកឡើងថា ប្រទេសបារាំងបានអំពាវនាវឱ្យកម្ពុជា-ថៃ អនុវត្តន៍បទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព។ ការលើកឡើងរបស់ឯកឧត្ដមអ្នកនាំពាក្យបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម ជុំ សុន្ទរី បានគូសបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតបារាំងបានឱ្យដឹងថា ប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះការប្រកាសពីបទឈប់បាញ់ដែលចូលជាធរមានចាប់ពីយប់ថ្ងៃចន្ទ ទី២៨ ខែកក្កដា និងការចាប់ផ្តើមកិច្ចសន្ទនារវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្រោយជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលបានប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ទន្ទឹមនេះ ប្រទេសបារាំងអំពាវនាវឱ្យមានការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព។
បើតាមឯកឧត្ដមអ្នកនាំពាក្យ ប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះតួនាទីសម្របសម្រួលរបស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ហើយបារាំងសូមគូសបញ្ជាក់ជាថ្មីពីការគាំទ្រដល់មជ្ឈភាពអាស៊ានក្នុងការដោះស្រាយជម្លោះនានាក្នុងតំបន់។
ឯកឧត្ដមអ្នកនាំពាក្យបានបន្ថែមថា ក្នុងសេចក្ដីថ្លែងការណ៍របស់ប្រទេសបារាំងបានឱ្យដឹងទៀតថា ការវិវត្តគួរឱ្យកត់សម្គាល់នេះគឺជាចំណុចចាប់ផ្តើមនៃការដោះស្រាយជម្លោះប្រកបដោយចីរភាព តាមមាគ៌ាសន្តិភាព ដោយផ្អែកលើច្បាប់អន្តរជាតិ។ ក្នុងន័យនេះ ប្រទេសបារាំងត្រៀមខ្លួនជានិច្ចក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ជាពិសេសកិច្ចខិតខំប្រែងប្រែងរបស់អាស៊ាន៕
ដោយ៖ ប៊ុនរិទ្ធ





