សម្ដេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ដល់កងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរពនិងអនុវត្តន៍នូវកិច្ចព្រមព្រៀង និងបង្កើតឱ្យមានការប្រជុំថ្នាក់ភូមិភាគ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវការវាយតម្លៃខ្ពស់ និងសូមអរគុណដល់កងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរពនិងអនុវត្តន៍នូវកិច្ចព្រមព្រៀងនេះ និងបង្កើតឱ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា ទោះមានការឈប់បាញ់តែខ្ញុំមិនបានសម្រាកច្រើនទេ។ យប់មិញខ្ញុំសម្រាកបានជាង២ម៉ោង និងបន្តការងារហូតពេលនេះដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការណ៍។

សម្ដេចតេជោគូសបញ្ជាក់ថា៖ «កិច្ចការរបស់ខ្ញុំចាប់ពីម៉ោង១២យប់ ថ្ងៃទី២៨ ឆ្លងចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជួយជ្រោមជ្រែងអនុវត្តន៍នូវកិច្ចព្រមព្រៀងឈប់បាញ់ឱ្យទទួលបានជោគជ័យដើម្បីធានាថា សង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសដោយសន្តិភាព។ ខ្ញុំសូមវាយតម្លៃខ្ពស់និងសូមអរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃដែលបានគោរពនិងអនុវត្តន៍នូវកិច្ចព្រមព្រៀងនេះ និងបង្កើតឱ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។»

ជាមួយគ្នាគ្នានេះ សម្ដេចតេជោប្រធានព្រឹទ្ធសភាក៏សូមរួមគ្នាការពារសន្តិភាពដើម្បីចៀសវាងបាត់សន្តិភាពទើបស្វែងរកសន្តិភាពដែលជារឿងដ៏លំបាក៕
ដោយ៖ រិទ្ធី





