រដ្ឋបាលរាជធានីភ្នំពេញនាំយកអំណោយប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ -- រដ្ឋបាលរាជធានីភ្នំពេញបាននាំយកអំណោយរបស់សប្បុរសជនជាសម្ភារ បរិក្ខារ គ្រឿងឧបភោគ បរិភោគចំនួន៦៥មុខ ប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកដែលរងផលប៉ះពាល់ចំនួន៤ស្រុកស្មើនឹង២៤ឃុំ ជាង១ម៉ឺនគ្រួសារ ស្មើនឹងជាង៣ម៉ឺននាក់ ស្ថិតនៅទីតាំងកន្លែងសុវត្ថិភាពស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។

អំណោយទាំងអស់នេះត្រូវបានឯកឧត្ដម អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនឯកឧត្ដម ទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយ និងលោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ដើម្បីចែកជូនបន្តដល់ប្រជាពលរដ្ឋដែលបានជម្លៀសចេញពីផ្ទះសម្បែងចំនួន១៤៥៧៣គ្រួសារ ស្មើនឹង៣៦៧៦៣នាក់ ក្នុងនោះកុមារចំនួន៦៦៧នាក់ផងដែរ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញនាំយកមកប្រគល់ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក រួមមាន មី ទឹកសុទ្ធ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ភួយមុង កន្ទេល បន្លែ ត្រីសាច់ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត សរុបទាំងអស់ចំនួន៦៥មុខ។

ឯកឧត្ដម អ៊ីមរ៉ន ហាស្សាន់ បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសជននានា នៅរាជធានីភ្នំពេញ ដែលតែងតែចូលរួមចែករំលែកធនធានតាមលទ្ធភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបាន និងកំពុងជម្លៀសចេញពីផ្ទះសម្បែងមកស្នាក់នៅទីកន្លែងសុវត្ថិភាព។ នេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។ ខ្ញុំសូមអរគុណនូវទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋយើង និងសប្បុរសជន ក្នុងស្មារតីខ្មែរជួយខ្មែរ។ ក្នុងនាមសមរភូមិក្រោយ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្ដជួយបងៗកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលជម្លៀសមករកទីកន្លែសុវត្ថិភាពនេះ ជារៀងរហូត។

ឯកឧត្ដមទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានអរគុណជូនចំពោះឯកឧត្ដម ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ តាមរយៈឯកឧត្ដម អ៊ីមរ៉ន ហាស្សាន់ ដឹកនាំអំណោយសប្បុរសជនយកមកផ្ដល់ជូនវីរកងទ័ពជួរមុខនៅខេត្ដឧត្ដរមានជ័យ ឯកឧត្ដមនឹងធ្វើការបែងចែកជូនទៅកងទ័ពលេខ៤១ ពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រឡាញ់ខ្មែរពិតប្រាកដ។

តាមរបាយការណ៍របស់អភិបាលរងខេត្តឧត្ដរមានជ័យបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋចំនួន២៤ឃុំក្នុងចំណោម៤ស្រុក ក្នុងខេត្ដឧត្ដរមានជ័យ អាជ្ញាធរបានជម្លៀសចេញមករកទីកន្លែងសុវត្ថិភាពសរុបចំនួន១៤៥៧៣គ្រួសារ ស្មើនឹង៣៦៧៦៣នាក់ ក្នុងនោះក៏មានកុមារ៦៦៧នាក់ផងដែរ៕
ដោយ សួស សំរិត





