ផ្ទះមនុស្សធម៌ទី២៧ត្រូវបានប្រគល់ជូនគ្រសារចាស់ជរាទុរគតនៅឃុំមហាខ្ញូង ស្រុកកោះសូទិន
AKP កំពង់ចាម ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ -- ផ្ទះមនុស្សធម៌ទី២៧ត្រូវបានប្រគល់ឱ្យគ្រួសារ លោកតា ប៉ោង ង៉ុយ អាយុ៧៤ឆ្នាំ និងលោកយាយ ឌិន ថុល រស់នៅភូមិខ្ពប ឃុំមហាខ្ញូង ស្រុកកោះសូទិន ជាគ្រួសារចាស់ជរាទុរគត នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយលោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តជាលេខាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ដោយមានព្រះវត្តមាន ព្រះឧត្តមចរិយា ស៊ាង លាង ព្រះបាឡាត់គណខេត្ត លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងអាជ្ញាធរមូលដ្ឋានផងដែរ។

ក្នុងឱកាសប្រគល់ផ្ទះ ជូនលោកតា ប៉ោង ង៉ុយ និងលោកយាយ ឌិន ថុល សាខាបាននាំយកមកនូវគ្រឿងឧបភោគ បរិភោគ សម្ភារផ្ទះបាយ សម្រាប់ឡើងផ្ទះថ្មី រួមមាន អង្ករ៥០គ.ក្រ ត្រីខ២០កំប៉ុង ទឹកត្រី១២ដប ទឹកស៊ីអ៊ីវ១២ដប មី២កេស ឃីត២សម្រាប់ និងថវិកា២០០,០០០រៀល។ ជាមួយគ្នានោះ លោកតា លោកយាយដែលចូលរួមចំនួន១០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងឃីត ព្រមទាំងថវិកាចំនួន២០,០០០ រៀលផងដែរ។

សូមបញ្ជាក់ថា ផ្ទះកម្មវិធីផ្ទះមនុស្សធម៌ខេត្តជាកម្មវិធីក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត សាលាគណខេត្ត និងការផ្តល់ថវិកាបដិភាគពីសាខា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត សម្រាប់ជូនដល់ជនចាស់ជរាគ្មានទីពឹង និងជនក្រីក្រ ទុរគត និងពិការភាព៕


ដោយ ឆាយ ម៉ុត





