សហគមន៍អន្តរជាតិស្វាគមន៍បទឈប់បាញ់កម្ពុជា-ថៃ និងជំរុញឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ -- បណ្តាប្រទេសជាមិត្ត ដែលរួមទាំងប្រទេសជប៉ុន បារាំង អូស្ត្រាលី និងចក្រភពអង់គ្លេសជាដើមនោះ ក៏ដូចជាសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌដែលសម្រេចបានរវាងកម្ពុជា និងថៃ។ ពួកគេក៏បានអំពាវនាវឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៃកិច្ចព្រមព្រៀងនេះផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះ រដ្ឋមន្ត្រីការបរទេសជប៉ុន ឯកឧត្តម អ៊ីវ៉ាយ៉ា តាកេស៊ី (H.E. Iwaya Takeshi) បានលើកឡើងពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងថៃ ដោយបាននិយាយថា «វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។លោកបានកត់សម្គាល់ពីតួនាទីដ៏សកម្មរបស់ប្រទេសជប៉ុនក្នុងការលើកទឹកចិត្តប្រទេសទាំងពីរឱ្យកាត់បន្ថយស្ថានការណ៍តានតឹង។
ឯកឧត្តម អ៊ីវ៉ាយ៉ា តាកេស៊ី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ រួមទាំងប្រទេសម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពិសេស និងសហរដ្ឋអាមេរិកជាអ្នកសហការរៀបចំ។
លោកបានគូសបញ្ជាក់ថា «រដ្ឋាភិបាលជប៉ុននឹងបន្តលើកទឹកចិត្តទាំងកម្ពុជា និងថៃឱ្យជំរុញការអនុវត្តប្រកបដោយស្ថិរភាពនៃកិច្ចព្រមព្រៀងឈប់បាញ់ និងការបន្ថយស្ថានការណ៍តានតឹង ដោយមានការសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ»។
ប្រទេសបារាំងក៏បានស្វាគមន៍ចំពោះបទឈប់បាញ់ និងការបន្តកិច្ចសន្ទនាបន្ទាប់ពីកិច្ចប្រជុំរបស់នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរនៅម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញនេះផងដែរ។ បារាំងបានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ការអនុវត្តយ៉ាងម៉ត់ចត់នៃកិច្ចព្រមព្រៀងនេះ ហើយបានសម្តែងការគាំទ្រចំពោះតួនាទីកណ្តាលរបស់អាស៊ានក្នុងការគ្រប់គ្រងជម្លោះក្នុងតំបន់។
ខណៈដែលតោតសរសើរចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) សម្រាប់កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលរបស់លោកក្រោមតួនាទីជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី បារាំងបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិ ហើយបានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយអន្តរជាតិ និងអាស៊ាន។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញបាននិយាយថា «វឌ្ឍនភាពដ៏សំខាន់នេះត្រូវតែជាចំណុចចាប់ផ្តើមសម្រាប់ដំណោះស្រាយយូរអង្វែងតាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ»។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងជាព្រឹទ្ធសមាជិក លោកស្រី ហន ផេននី វ៉ុង (Hon Penny Wong) បាននិយាយយ៉ាងខ្លាំងអំពីបទឈប់បាញ់គ្នានេះ ហើយបានជំរុញឱ្យប្រទេសទាំងពីរគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងធ្វើការឆ្ពោះទៅរកដំណោះស្រាយយូរអង្វែង និងសន្តិភាព។
លោកស្រីបានបន្ថែមថា «យើងសូមកោតសរសើរចំពោះលោកនាយករដ្ឋមន្ត្រី អាន់វ៉ា និងការដឹកនាំរបស់ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន និងតួនាទីរបស់លោកប្រធានាធិបតី ត្រាំ»។
រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោកស្រី ខេធើរីន វេសត៍ អ៊ែមភី (Catherine West MP) បានបន្ទរដោយអារម្មណ៍ស្រដៀងគ្នានេះ ដោយបានហៅបទឈប់បាញ់គ្នានេះថាជា «ជំហានសំខាន់ឆ្ពោះទៅរកសន្តិភាព»។ លោកស្រីបានជំរុញឱ្យគ្រប់ភាគីគោរព និងលើកតម្កើងវា។
តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោកស្រី កាចា កាល់ឡាស់ (Kaja Kallas) បានហៅបទឈប់បាញ់នេះថា ជា «របកគំហើញដ៏សំខាន់» បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរជាច្រើនថ្ងៃមក។ លោកស្រីបានថ្លែងថា «វាជារឿងសំខាន់ដែលប្រទេសទាំងពីរអនុវត្តវាដោយស្មោះត្រង់។ ខ្ញុំសូមអរគុណដល់ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានដែលបានជួយសម្រួលដល់ដំណើរការចរចា»។
ដោយ យា ចិន្តាខន្តី





