អាជ្ញាធរជាតិព្រះវិហារថ្លែងអំណរគុណចំពោះសប្បុរសជនបានផ្តល់អំណោយដល់បុគ្គលិក ភ្នាក់ងារទេសចរណ៍ កម្មករជួសជុលប្រាសាទ និងពលករដែលរងគ្រោះ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥-- អាជ្ញាធរជាតិព្រះវិហារ ចាប់តាំងពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ មកដល់ថ្ងៃនេះ បានទទួលអំណោយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសដែលបាននាំយកអំណោយមកឧបត្ថម្ភដល់បុគ្គលិកភ្នាក់ងារទេសចរណ៍ កម្មករជួសជុលប្រាសាទ និងពលករ៤៥នាក់ ដែលជាប់នៅប្រាសាទព្រះវិហារ រយៈពេល២យប់ កាលពីថ្ងៃទី២៤ និង២៥ ខែកក្កដា ហើយបានសង្គ្រោះមកដល់កន្លែងសុវត្ថិភាពនៅស្នាក់ការអាជ្ញាធរជាតិព្រះវិហារនៅភូមិស្រយង់ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

អាជ្ញាធរជាតិព្រះវិហារបានទទួលអំណោយពីមូលនិធិលោក សេម ឡងឌី (PeyPey Dy) រួមមាន មី១០០កេស អង្ករ១តោន ទឹកសុទ្ធ១០០កេស និង៥០យួរ ទឹកដោះគោ១០០កេស ត្រីខ១០កេស ទឹកស៊ីអ៊ីវ៤៥យួរ នំប៉័ង៥កេស វីតាមីន៤ប្រអប់ ចេកឆាប និងសណ្តែកដីលីង២កេស អាវយឺត២បាវ សារ៉ុង៨០ ក្រម៉ា៨០ ធូបមូស១កេសធំ ក្រដាសអនាម័យ៥ដុំ សាប៊ូបោកខោអាវ១កេស ម៉ាស១០ប្រអប់ ថ្នាំផ្តាសាយកូនក្មេង២កេសតូច ថ្នាំបាត់ការឈឺចាប់២កេសតូច ប្រេងកូឡា១កេស ដែកកេស១០០ និងតង់៥០។

ចំណែកអំណោយជាថវិការបស់សប្បុរសជនមាន៖ ទី១ Leaksmy (Rith Sam Ol) ៥០ដុល្លារ ទី២ Bouy Kimsreang ១០០ដុល្លារ ទី៣ Neth Baromey ១០០ដុល្លារ ទី៤ Rith Sam Ol ១២៥ដុល្លារ ទី៥ លោក អេង ធារី ៨០,០០០រៀល និងទី៦ ផ្សេងៗ ១៥៥ដុល្លារ សរុបជាទឹកប្រាក់ចំនួន៥៣០ដុល្លារ និង៨០០០០រៀល៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ)





