ខេត្តតាកែវរៀបចំការបរិច្ចាគឈាម ដើម្បីត្រៀមបម្រុងសម្រាប់ជួយសង្គ្រោះអាយុជីវិតវីរកងទ័ពកម្ពុជា និងប្រជាពលរដ្ឋដែលរងរបួស
AKP តាកែវ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥-- ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ នាំគ្នាធ្វើការបរិច្ចាគឈាម ដើម្បីត្រៀមបម្រុងសម្រាប់ជួយសង្គ្រោះអាយុជីវិត វីរកងទ័ពកម្ពុជា និងប្រជាពលរដ្ឋដែលរងរបួស។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ថ្ងៃនេះរដ្ឋបាលខេត្តតាកែវមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដោយបានសហការគ្នាជាមួយនឹងមន្ទីរសុខាភិបាលខេត្តតាកែវ ក្នុងការប្រមូលយកឈាមដែលជាអំណោយដ៏សប្បុរសធម៌របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ដែលបានបរិច្ចាគនៅពេលនេះ។ ឈាមទាំងអស់នេះយើងបម្រុងទុក សម្រាប់ជួយសង្គ្រោះវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋរងរបួស។ ដូច្នេះដើម្បីទប់ទល់នឹងសភាពការណ៍ក្នុងការសង្គ្រោះបន្ទាន់ ដល់បងប្អូនវីរកងទ័ពដ៏អង់អាចក្លាហាន ដែលថែរក្សាការពារទឹកដី ពួកគាត់អាចរងរបួសដែលត្រូវការឈាមបន្ទាន់ អញ្ចឹងយើងត្រូវមានឈាមបម្រុងទុក។

ឯកឧត្តម វ៉ី សំណាង បានចាត់ទុកការចូលរួមបរិច្ចាគឈាមដ៏ច្រើនកុះករពីសំណាក់ ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្អូនៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តតាកែវនៅពេលនេះ វាបានបង្ហាញពីទឹកចិត្ត និងស្មារតីស្នេហាជាតិដ៏មោះមុតមានសាមគ្គីគ្នាជាធ្លុងមួយ។ ក្រៅពីធ្វើការបរិច្ចាគឈាម មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋខេត្តតាកែវ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសភ្លូកទឹកភ្លូកដីបាននាំគ្នាផ្ដល់ជាថវិកា និងសម្ភារ ដើម្បីជួយដល់វីរកងទ័ពនៅសមរភូមិមុខ និងបងប្អូនជនភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារផងដែរ។

លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងឱ្យដឹងថា សកម្មភាពបរិច្ចាគឈាមនៅថ្ងៃនេះគឺជាកិច្ចប្រឹងប្រែងនិងការយកចិត្តទុកដាក់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដើម្បីត្រៀមឈាមបម្រុង ទុកជួយសង្រ្គោះដល់វីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសខ្លួនរងរបួស។ ជាពិសេសការបរិច្ចាគនេះក៏ធ្វើឡើងទៅតាមការអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានអំពាវនាវដល់ប្រធានមន្ទីរសុខាភិបាលតាមបណ្តារាជធានីខេត្ត ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ទទួលបងប្អូនប្រជាពលរដ្ឋដែលចង់បរិច្ចាគឈាម ដើម្បីមានលទ្ធភាពខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងកងទ័ពដែលកំពុងការពារបូរណភាពទឹកដីកម្ពុជាយើង៕

ដោយ អ៊ុច សៀង





