ឯកឧត្ដម ឌិត ទីណា ចុះសួរសុខទុក្ខ និងនាំអំណោយជូនជនភៀសសឹក៦៥៦គ្រួសារ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនជនភៀសសឹកចំនួន៦៥៦គ្រួសារ ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មកកាន់ទីតាំងសុវត្ថិភាពនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ពិធីដ៏មានសារៈសំខាន់នេះត្រូវបានប្រារព្ធធ្វើឡើងនៅវត្តបូព៌ ស្ថិតក្នុងស្រុកភ្នំស្រុក ដោយមានការអមដំណើរពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងប្រតិភូអមដំណើរ ព្រមទាំងក្រុមការងារចុះជួយស្រុកភ្នំស្រុកជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដម ឌិត ទីណា បានសម្តែងការព្រួយបារម្ភ និងក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះបងប្អូនជនភៀសសឹកដែលបានជួបប្រទះការលំបាក និងត្រូវបង្ខំចិត្តចាកចេញពីលំនៅឋាន។ ការចុះសួរសុខទុក្ខ និងនាំយកអំណោយនេះ គឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកដែលកំពុងប្រឈមនឹងការលំបាក។

ឯកឧត្ដមបានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី តែងតែចាត់ទុកសុខុមាលភាពរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បង ហើយនឹងបន្តខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីធានាបាននូវជីវភាពរស់នៅដ៏សមរម្យ និងសេចក្តីសុខសាន្តសម្រាប់ប្រជាជនទាំងអស់គ្នា។ ឯកឧត្ដមបានអំពាវនាវដល់បងប្អូនជនភៀសសឹកទាំងអស់ ឱ្យរក្សាភាពរឹងមាំ និងសាមគ្គីគ្នា ដើម្បីឆ្លងផុតឧបសគ្គនេះ។

ជាការឆ្លើយតប ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដម ឌិត ទីណា ដែលបានចំណាយពេលចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លានេះ។ ឯកឧត្តមបានបញ្ជាក់ថា អាជ្ញាធរខេត្តបន្ទាយមានជ័យនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាបាននូវការផ្តល់ជំនួយ និងការគាំទ្រចាំបាច់នានាដល់បងប្អូនជនភៀសសឹក។ អាជ្ញាធរខេត្តបានត្រៀមលក្ខណៈរួចរាល់ក្នុងការជួយសម្រួលដល់ការរស់នៅបណ្ដោះអាសន្នរបស់បងប្អូនជនភៀសសឹក ដូចជាការផ្តល់ទីជម្រក សន្តិសុខ ស្បៀងអាហារ និងសេវាសុខភាពជាដើម។ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចូលរួមជួយឧបត្ថម្ភគាំទ្រដល់បងប្អូនជនភៀសសឹកតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីរួមចំណែកកាត់បន្ថយបន្ទុករបស់ពួកគាត់។

តំណាងបងប្អូនជនភៀសសឹកម្នាក់បានសម្តែងក្តីរំភើប និងអំណរគុណយ៉ាងក្រៃលែងចំពោះការយកចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងឯកឧត្ដម ឌិត ទីណា ឯកឧត្តម ប្លែក វ៉ារី និងឯកឧត្តម អ៊ុំ រាត្រី ដែលបានចុះមកសួរសុខទុក្ខ និងផ្តល់អំណោយទាន់ពេលវេលា។ លោកបានថ្លែងថា អំណោយទាំងនេះពិតជាមានតម្លៃសម្រាប់ពួកគាត់ក្នុងការដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ ខណៈដែលពួកគាត់កំពុងភៀសខ្លួនពីសង្គ្រាម។
លោកបានបន្តទៀតថា ការចុះមកផ្ទាល់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត បានផ្តល់កម្លាំងចិត្ត និងក្តីសង្ឃឹមយ៉ាងធំធេងដល់ពួកគាត់ ឱ្យជឿជាក់ថាពួកគាត់មិនត្រូវបានគេបំភ្លេចចោលនោះទេ៕
ដោយ ឈុន សារ៉ាត





