ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនអំណោយជាសម្ភារប្រើប្រាស់អាចដោះស្រាយជីវភាពដល់ប្រជាពលរដ្ឋដែលជម្លៀសមកស្នាក់នៅទីទួលសុវត្ថិភាព
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល កាលពីល្ងាចថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានចុះសំណេះសំណាលសួរសុខទុក្ខ និងជូនអំណោយជាសម្ភារប្រើប្រាស់អាចដោះស្រាយជីវភាពដល់បងប្អូនប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅទីទួលសុវត្ថិភាព។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្រសួងសុខាភិបាលបានយកចិត្តទុកខ្ពស់ និងត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការថែទាំសុខភាពដល់ប្រជាពលរដ្ឋទាំងអស់ ពោលគឺមិនទុកប្រជាពលរដ្ឋណាម្នាក់មិនទទួលបានការបម្រើសេវាសុខាភិបាលនោះទេ។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព សូមអនុវត្តវិធានការដោយប្រកាន់ខ្ជាប់នូវអនាម័យ ហូបស្អាត សម្រាកក្នុងមុង និងចំអិនអាហារឱ្យបានឆ្អិនល្អ ចៀសវាងការដែលអាចបង្កជាការរាគរូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារ។ ក្នុងករណីមានបញ្ហាសុខភាព សូមទទួលសេវាសុខាភិបាល ដែលប្រចាំការនៅទីទួលសុវត្ថិភាព ឬមូលដ្ឋានសុខាភិបាលនៅជិតអ្នកបំផុត។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យបានសំណេះសំណាល និងលើកទឹកចិត្តថែមទៀតដល់មន្រ្តីសុខាភិបាល ដែលកំពុងប្រចាំការនៅទីសុវត្ថិភាព និងតាមគោលដៅនានា ដោយបង្កើនការយកចិត្តទុកដាក់ខ្ពស់ ប្រើគ្រប់សមត្ថភាព និងមធ្យោបាយបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋក្នុងកាលៈទេសៈ ពិសេសនាគ្រាដ៏លំបាកនេះ៕


ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)




