ក្រុមហ៊ុន Nanjing Xinyada Information Technology ស្នើសុំក្រសួងអប់រំពិនិត្យលទ្ធភាពផ្ដល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការមួយចំនួន
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥-- ក្នុងជំនួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង លោក Zeng Botao ប្រធានក្រុមហ៊ុន Nanjing Xinyada Information Technology នៃសាធារណរដ្ឋប្រជាមានិតចិន បានស្នើសុំក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពផ្ដល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការមួយចំនួនដូចជា ការបង្កើតកិច្ចសហការលើវិស័យអប់រំវិជ្ជាជីវៈបច្ចេកវិទ្យាចិន-កម្ពុជា ការបង្កើតសាកលវិទ្យាល័យឌីជីថលគំរូ “សាកលវិទ្យាល័យឌីជីថលចិន-កម្ពុជា” និងការផ្តល់អនុសាសន៍ណែនាំសាកលវិទ្យាល័យនៅកម្ពុជាមួយចំនួនដែលមានជំនាញក្នុងវិស័យ ICT ដើម្បីសហការជាមួយសាកលវិទ្យាល័យចិនផ្នែកអប់រំអន្តរជាតិ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងសេចក្តីរីករាយទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូចិនដែលបានមកទស្សនកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Nanjing Xinyada Information Technology ដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា និងបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា ដោយគូសបញ្ជាក់ពីការឯកភាពលើការលើកឡើងខាងលើរបស់ក្រុមហ៊ុន ព្រមទាំងបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីពិនិត្យលទ្ធភាពផ្ដួចផ្ដើមគម្រោងសហការប្រកបដោយប្រសិទ្ធភាព។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Nanjing Xinyada Information Technology ក្នុងការអភិវឌ្ឍវិស័យអប់រំ ជាពិសេសការអប់រំជំនាញបច្ចេកវិទ្យាឌីជីថលនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែងនាពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងបានណែនាំឱ្យរៀបចំក្រុមការងារពាក់ព័ន្ធ ដើម្បីបន្តពិនិត្យតាមដាន និងពិភាក្សាលើកិច្ចការនេះបន្ថែមទៀត ដោយជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងបន្តរីកចម្រើន និងនាំមកនូវផ្លែផ្កាជាច្រើនទៀតនាពេលខាងមុខ ជាពិសេសចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





