កម្ពុជា-ថៃនឹងភ្ជាប់ឡើងវិញនៃទំនាក់ទំនងដោយផ្ទាល់រវាងនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស រដ្ឋមន្រ្តីការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥—ភាគីទាំងពីរគឺកម្ពុជា និងថៃ នឹងបន្តឡើងវិញនូវទំនាក់ទំនងដោយផ្ទាល់រវាងនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស រដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរក្រោយការផ្ទុះអាវុធរយៈពេល៥ថ្ងៃយ៉ាងក្តៅគគុកពីសំណាក់ភាគីថៃ។

បញ្ជាក់ក្នុងសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពជុំវិញកិច្ចចរចាបទឈប់បាញ់ជាបន្ទាន់និងអត់លក្ខខណ្ខរវាងកងទ័ពកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងថា “ដើម្បីធានាឱ្យបានក្នុងបទឈប់បាញ់គ្នានេះដែរក្នុងជម្លោះព្រំដែនរវាងប្រទេសកម្ពុជា-ថៃ រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសម៉ាឡេស៊ី ប្រទេសកម្ពុជា និងប្រទេសថៃ ត្រូវបានណែនាំឱ្យបង្កើត អំពីយន្តការលម្អិត សម្រាប់ការអនុវត្ត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីបទឈប់បាញ់។យន្តការនេះគេរំពឹងថានឹងដើរតួនាទីជាគ្រឹះដើម្បីសន្តិភាព និងទំនួលខុសត្រូវ ប្រកបដោយចិរភាព”។
អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងបន្ថែមថា៖ដើម្បីធានាឱ្យបាននូវការឯកភាពគ្នា នៃបទឈប់បាញ់គ្នា ជាជំហានបន្ទាប់ គឺយើងត្រូវតែធ្វើយ៉ាងណាដើម្បីឱ្យការធានា និងការអនុវត្តពេញលេញម៉ឺងម៉ាត់ ម៉ត់ចត់ នូវអ្វីដែលបានឯកភាពនិង ជជែកគ្នាក្នុងកម្រិតថ្នាក់ដឹកនាំរួចហើយនោះគឺត្រូវបង្កើនយន្តការតាមដាន ត្រួតពិនិត្យមួយឡើង។

គួរជាបញ្ជាក់ថាក្នុងការចរចាបញ្ហាព្រំដែន រវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃ នាថ្ងៃម្សិលម៉ិញនេះ(ថ្ងៃទី២៨ខែ កក្កដា)កម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖
១. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡើងវិញនៅសន្តិភាព និងសន្តិសុខ។
២. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី១ និងទី២ និងភាគីកម្ពុជាយោធភូមិភាគទី៤ និងទី៥) នៅវេលាម៉ោង០៧៖០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បើមានការឯកភាពពីភាគីទាំងពីរ និង៣. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕
ដោយ៖មករា





