អ្នកនាំពាក្យក្រសួងការពារជាតិគូសបញ្ជាក់ថា ការអនុវត្តបទឈប់បាញ់បន្ទាន់រវាងកងទ័ពកម្ពុជា ថៃ គឺជាជំហានដំបូងនៃការឆ្ពោះទៅរកការកាត់បន្ថយអរិភាព និងស្តារឡើងវិញនូវសន្តិភាព និងសន្តិសុខ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥--លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងឱកាសនៃការជម្រាបជូនជនរួមជាតិ អំពីស្ថានភាពនៃការវិវត្តន៍ចុងក្រោយនៅតាមបណ្តាយោធភូមិភាគនានាក្រោយពីលទ្ធផលនៃកិច្ចប្រជុំស្តីពីបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅប្រទេសម៉ាឡេស៊ីដែលមានប្រសិទ្ធភាពចាប់ពីម៉ោង១២យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះបានគូសបញ្ជាក់ថា នេះគឺជាជំហានដំបូងនៃការឆ្ពោះទៅរកការកាត់បន្ថយអរិភាព និងស្តារឡើងវិញនូវសន្តិភាព និងសន្តិសុខ ដោយលទ្ធផលជាវិជ្ជមាននៅតាមយោធភូមិភាគទាំងអស់មិនមានការផ្ទុះអាវុធដាក់គ្នាទៀតទេ។

លោកជំទាវអ្នកនាំពាក្យថ្លែងថា នេះគឺជាការប្តេជ្ញាចិត្តយ៉ាងខ្ពស់ និងការអនុវត្តយ៉ាងម៉ឺងម៉ាត់ ហ្មត់ចត់នៃ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទាំងអស់ ដោយលោកជំទាវបានលើកឡើងថា ដើម្បីធានាប្រសិទ្ធ ភាព ចំណុចទី១ ភាគីទាំងពីរ កម្ពុជា-ថៃ ត្រូវអនុវត្តលក្ខខណ្ឌមួយចំនួននៅក្នុងការឯកភាពគ្នានៅក្នុងបទឈប់បាញ់ជាបន្ទាន់នេះគឺ ទី១. បញ្ឈប់នូវការបាញ់គ្នា ទី២. មិនឱ្យមានការចល័តទ័ព ឬការបន្ថែមទ័ព ទី៣. កងទ័ពនៃភាគីទាំងពីរត្រូវរក្សានៅទីតាំងដដែលរាប់ពីម៉ោង២៤ និង ០០នាទី ម៉ោងក្នុងតំបន់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ទី៤. ត្រូវបង្កើតនូវក្រុមការងារទំនាក់ទំនងមួយដើម្បីធ្វើការងារជាមួយគ្នា។ ចំណុច ទី២ គឺការរៀបចំកិច្ចប្រជុំក្រៅផ្លូវការនៃមេបញ្ជាការភូមិភាគដែលក្នុងនោះមាន ភូមិភាគទី១ ភូមិភាគទី២ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបូរី និងខេត្តត្រាតរបស់ខាងភាគីថៃ និងជួបប្រជុំគ្នាជាមួយនឹងយោធ ភូមិភាគទី៤ ទី៥ និងមេបញ្ជាការភូមិភាគ៣ ខាងភាគីកម្ពុជា ខណៈដែលចាប់ពីវេលាម៉ោង៧ និង ០០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះគឺបានដំណើរការនូវកិច្ចប្រជុំនៅថ្នាក់ភូមិភាគរួចហើយ និងបន្ទាប់មកខាងយោធភូមិភាគទី៥របស់កម្ពុជាបានជួបប្រជុំជាមួយយោធភូមិទី១របស់ថៃនៅទីតាំងក្បាលស្ពានផងដែរ។ ចំពោះយោធភូមិភាគីទី៤ យោធភូមិភាគទី២ថៃ និងយោធភូមិភាគទី៤កម្ពុជានឹងមានការជួបប្រជុំគ្នានៅអូរស្មាច់នៅវេលាម៉ោង១០ និង ០០នាទី ហើយរួមជាមួយគ្នានេះផងដែរក៏នឹងមានការប្រជុំរវាងមេបញ្ជាការភូមិភាគទី៣របស់កម្ពុជាជាមួយបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបូរី និងខេត្តត្រាត ជាកិច្ចប្រជុំតាមរយៈកិច្ចប្រជុំ Zoom នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះផងដែរ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា ដើម្បីធានាបាននូវបទឈប់បាញ់គ្នា ជាជំហានបន្ទាប់ភាគីទាំងពីរត្រូវតែធ្វើយ៉ាងណាដើម្បីឱ្យមានការធានា និងការអនុវត្តពេញលេញ ម៉ឺងម៉ាត់ ហ្មត់ចត់នូវអ្វីដែលបានឯកភាពគ្នានៅក្នុងកម្រិតនៃការជជែកគ្នារបស់ថ្នាក់ដឹកនាំរួចហើយនោះ គឺត្រូវបង្កើតយន្តការតាមដាន និងត្រួតពិនិត្យមួយឡើង ហើយប្រសិនបើភាគីទាំងពីរមានការឯកភាព និងមានការជួបជាមួយនឹងក្រុមអនុព័ន្ធយោធានៃប្រទេសនានាដែលដឹកនាំដោយប្រធានអាស៊ាន គឺប្រទេសម៉ាឡេស៊ីដើម្បីឈានដល់ការនាំមកវិញនូវប្រក្រតីភាព និងទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលក្នុងនោះក៏ មានក្រុមអង្កេតការណ៍មួយដែលនឹងត្រូវបានបង្កើតឡើងដើម្បីធ្វើការផ្ទៀងផ្ទាត់ និងធានាដល់ការអនុវត្ត បទឈប់បាញ់។ លោកជំទាវបានបន្តថា ប្រទេសម៉ាឡេស៊ីក៏នឹងពិគ្រោះយោបល់ផងដែរជាមួយបណ្តា ប្រទេសដែលជាសមាជិអាស៊ានដទៃទៀតដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសង្កេតការណ៍ ដែល ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តនៅក្នុងកម្រិតតំបន់លើការគាំទ្រដល់សន្តិភាពនៅលើដីជាក់ស្តែង ដែលវត្តមាន និងកិច្ចសហការរបស់ភាគីទាំងអស់គឺជាការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព ការសន្ទនា និងស្ថិរភាពនៅក្នុងតំបន់ ហើយក្រៅពីកិច្ចទាំងអម្បាលម៉ានខាងលើនេះក៏នឹងមានការកោះ ប្រជុំគណៈកម្មការព្រំដែនទូទៅ (JBC) នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ៕
ដោយ៖ ចាន់ សុភឿន





