អភិបាលស្រុកស្ទោងថ្លែងអំណរគុណដល់សប្បុរសជនដែលចូលរួមសហការជាមួយរដ្ឋបាលស្រុកខណៈប្រទេសជាតិកំពុងរងគ្រោះ
AKP កំពង់ធំ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥-- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណជាអនេកដល់សប្បុរសជនដែលបានចូលរួមសហការជាមួយរដ្ឋបាលស្រុកខណៈប្រទេសជាតិកំពុងរងគ្រោះ ក្នុងឱកាសអញ្ជើញទទួលស្វាគមន៍សប្បុរសជនជាតិឆ្ងាយដែលបានចូលរួមជាមួយរដ្ឋបាលស្រុក ដើម្បីឧបត្ថម្ភគាំទ្រ និងលើកកម្ពស់ជីវភាពដល់ជនភៀសសឹក ពលករធ្វើមាតុភូមិនិវត្តន៍ចូលមូលដ្ឋាន និងលើកទឹកចិត្តដល់វីរកងទ័ពខ្មែរជួរមុខ នៅសាលាស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកបានកោតសរសើរនូវស្មារតីជាតិនិយមរបស់ប្រជាពលរដ្ឋក្នុងស្រុកស្ទោង ជាពិសេសសិស្សានុសិស្សដែលបានរួបរួមសហការគ្នាក្នុងការចូលរួមជាមួយរដ្ឋបាលស្រុក និងចំណាយពេលវេលាសម្រាកពីការសិក្សារៀនសូត្រហើយ បានចែកជូនគ្រឿងឧបភោគបរិភោគដោយផ្ទាល់ដល់ជនភៀសសឹក និងពលករដែលបានធ្វើមាតុភូមិនិវត្តន៍ឆ្លងកាត់ស្រុកស្ទោង ជាកាយវិការ និងអំពើគួរឱ្យគោរពកោតសរសើរ និងមោទកភាពក្រៃលែងបំផុត។

ទន្ទឹមនឹងនេះ លោក សាយ គឹមឡម បានអំពាវនាវបន្ថែមទៀតដល់ព្រះមន្ត្រីសង្ឃ សប្បុរសជនជិតឆ្ងាយ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកស្ទោងសូមចូលរួមឧបត្ថម្ភគាំទ្រសហការឱ្យបានច្រើនលើសលប់ជាមួយរដ្ឋបាលស្រុកស្ទោងបន្ថែមទៀត ដើម្បីចែកជូនឧបត្ថម្ភគាំទ្រដល់ជនភៀសសឹក ពលករដែលបានធ្វើមាតុភូមិនិវត្តន៍ និងដល់វីរកងទ័ពជួរមុខ។

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលស្រុកស្ទោងទទួលបាននូវអំណោយពីសប្បុរសទាំងសម្ភារ ថវិកា គ្រឿងឧបភោគបរិភោគយ៉ាងច្រើន និងបានចែកបន្ត និងត្រៀមសម្រាប់ធ្វើកិច្ចការមនុស្សធម៌បន្តទៀត៕

ដោយ ស៊ុម វណ្ណា





