រដ្ឋបាលខេត្តកំពង់ឆ្នាំងថ្លែងអំណរគុណដល់បងប្អូនឧបត្ថម្ភដល់កងទ័ពជួរមុខ និងជនភៀសសឹក
AKP កំពង់ឆ្នាំង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ផាត សុផាន្នី ស៊ុន សុវណ្ណារិទ្ធិ បានឈរជាប់ជាមួយក្រុមការងាររដ្ឋបាលខេត្ត ដើម្បីជួយសម្របសម្រួលទទួលគ្រឿងឧបភោគបរិភោគ និងសម្ភារពីសប្បុរសជន សម្រាប់ឧបត្ថម្ភដល់បងៗកងទ័ពជួរមុខ និងជនភៀសសឹក នៅសាលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនោះឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ បានបង្ហាញយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយនៃមហាគ្រួសារខ្មែរតែមួយ និងការជួយគ្នាក្នុងគ្រាលំបាក។ រាជរដ្ឋភិបាលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ចាកចេញពីភូមិឋានដ៏កក់ក្តៅរបស់ខ្លួន។

ទន្ទឹមនឹងនេះឯកឧត្ដមបានបន្តថា ប្រជាពលរដ្ឋដែលបានធ្វើដំណើរមកស្រកកំណើត-ភ្នំពេញ-ទៅតាមបណ្ដាខេត្តនានាបានបង្ហាញអារម្មណ៍ពេញចិត្តយ៉ាងក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់រថយន្តក្រុងឱ្យពួកគាត់ជិះវិលត្រឡប់មកដោយមិនបង់ប្រាក់ក្នុងឱកាសដែលពលរដ្ឋខ្មែរកំពុងជួបការលំបាក និងស្បៀងអាហារ ដែលជាការរួមចំណែកជួយសម្រាលបន្ទុកដ៏ធ្ងន់ធ្ងររបស់បងប្អូនជនភៀសសឹកក្នុងដំណាក់កាលដ៏លំបាកនេះ។

ឯកឧត្ដមអភិបាលខេត្តបានថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ ជាកម្លាំងគាំទ្រដ៏សកម្មនៃមហាគ្រួសារខ្មែរ បានខិតខំយ៉ាងសស្រាក់សស្រាំ និងប្រើប្រាស់គ្រប់មធ្យោបាយក្នុងការកៀរគរមូលនិធិទាំងថវិកា និងសម្ភារ ព្រមទាំងការផ្តល់កម្លាំងចិត្តនិងសម្ភារផ្សេងៗជូនដល់វីរកងទ័ពជួរមុខ ជាពិសេស រៀបចំស្បៀងអាហារដោយសុទ្ធចិត្តតាមសទ្ធា តាមរយៈយន្តការផ្សេងៗគ្នា ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃផងដែរ៕

ដោយ បៃ ស៊ីថុន





