លោកឧកញ៉ា អ៊ឹង វណ្ណ ម៉ៅ នាំយកអំណោយឧបត្ថម្ភកងកម្លាំងជួរមុខ ការពារបូរណភាពទឹកដីខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥–ដើម្បីរួមចំណែកដល់កិច្ចការពារជាតិ និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន លោកឧកញ៉ា អ៊ឹង វណ្ណ ម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារ នៅថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៥បាននាំយកអំណោយជាច្រើនទៅឧបត្ថម្ភដល់កងកម្លាំងទាំងបីស្ថាប័ន រួមមាន ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និង កងកម្លាំងយោធភូមិភាគទី៥ ទីបញ្ជាការទិសទី១ បន្ទាយមានជ័យ។ ការបរិច្ចាគនេះធ្វើឡើងស្របពេលដែលស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែបន្តមានភាពតានតឹង។

ក្នុងឱកាសសំណេះសំណាល លោកឧកញ៉ា អ៊ឹង វណ្ណ ម៉ៅ បានថ្លែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបូជាកម្លាំងកាយចិត្ត ពេលវេលា និងលះបង់ឆ្ងាយពីក្រុមគ្រួសារ ដើម្បីបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារជាតិមាតុភូមិពីការឈ្លានពានរបស់សត្រូវ។
លោកឧកញ៉ាបានសង្កត់ធ្ងន់ថា"បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ពិតជាបានលះបង់ធំធេងណាស់។ បងប្អូនបានឃ្លាតឆ្ងាយពីក្រុមគ្រួសារ ប្រពន្ធកូន ដើម្បីឈរជើងយាមកាមការពារបូរណភាពទឹកដីរបស់យើង ខណៈដែលជម្លោះព្រំដែនរវាងកម្ពុជា-ថៃនៅតែបន្តអូសបន្លាយ នេះគឺជាការលះបង់ដ៏ថ្លៃថ្លាដែលប្រជាពលរដ្ឋគ្រប់រូបត្រូវដឹងគុណ"។
លោកឧកញ៉ាក៏បានជូនពរដល់កងកម្លាំងទាំងអស់ដែលកំពុងបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន ជាពិសេសកងកម្លាំងដែលឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ សូមមានសុខភាពល្អបរិបូរណ៍ និងទទួលបានជ័យជម្នះលើគ្រប់មារសត្រូវដែលចង់បានទឹកដីកម្ពុជារបស់យើង។

តំណាងកងកម្លាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា អ៊ឹង វណ្ណ ម៉ៅ និងក្រុមការងារ ដែលបានចំណាយថវិកាផ្ទាល់ខ្លួនដើម្បីជួយឧបត្ថម្ភស្បៀងអាហារ និងសម្ភារៈចាំបាច់ដល់កងទ័ពដែលកំពុងបំពេញភារកិច្ច។ពួកយើងពិតជារំភើបចិត្តយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសធម៌របស់លោកឧកញ៉ា និងសភាពាណិជ្ជកម្មខេត្ត។ ការចូលរួមចំណែកនេះបានធ្វើឱ្យពួកយើងកាន់តែទទួលបានភាពកក់ក្តៅ និងមានកម្លាំងចិត្តបន្ថែមទៀតក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដីរបស់យើង។ ពួកយើងសូមប្តេជ្ញាចិត្តថា នឹងការពារទឹកដីមិនឱ្យសត្រូវឈ្លានពានបានជាដាច់ខាត"។
អំណោយដែលបានផ្តល់ជូនដល់កងកម្លាំងទាំងបីរួមមាន ស្នងការដ្ឋាននគរបាលខេត្ត អង្ករ ១,៥ តោន, ទឹកត្រី ២០ យួរ, ទឹកស៊ីអ៊ីវ ២០ យួរ, បារី ១ ប៊ិច, ទឹកសុទ្ធ ១៥០ យួរ រួមជាមួយនឹងថវិកាមួយចំនួន។
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តអង្ករ ១ តោន, ទឹកសុទ្ធ ១០០ យួរ, ទឹកត្រី ២០ យួរ, ទឹកស៊ីអ៊ីវ ២០ យួរ រួមជាមួយនឹងថវិកាមួយចំនួន។

យោធភូមិភាគទី៥ ទីបញ្ជាការទិសទី១ បន្ទាយមានជ័យអង្ករ ២ តោន, ទឹកសុទ្ធ ២០០ យួរ, ទឹកត្រី ៣០ យួរ, ទឹកស៊ីអ៊ីវ ៣០ យួរ, បារី ១ ប៊ិច, ធូបមូស ១ កេសធំ រួមជាមួយនឹងថវិកាមួយចំនួន។
សូមបញ្ជាក់ថា ការបរិច្ចាគនេះមិនត្រឹមតែជាការផ្តល់ជំនួយសម្ភារៈប៉ុណ្ណោះទេ តែជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ពីវិស័យឯកជនចំពោះកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារសុវត្ថិភាព និងបូរណភាពទឹកដីកម្ពុជា៕
ដោយ៖ ឈុន សារ៉ាត





