រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធពិធីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការចុះបញ្ជី "បូជនីយដ្ឋានចងចាំ នៃកម្ពុជា" ជាសម្បត្តិបេតិកភណ្ឌពិភពលោក!
AKP ព្រះវិហារ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥-ដើម្បីអបអរសាទរជោគជ័យដ៏ធំធេងជាប្រវត្តិសាស្ត្រ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលអង្គការយូណេស្កូ បានសម្រេចចុះបញ្ជី "បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីអបអរសាទរ ដ៏មហោឡារិក ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងយុវនារីយ៉ាងច្រេីនកុះករ នៅបរិវេណសួនច្បារមុខសាលាខេត្តព្រះវិហារ ពោរពេញដោយបរិយាកាសរីករាយ រំលេចដោយសំឡេងទូងស្គរ អបអរសាទរយ៉ាងទ្រហឹងអឺងកង ដែលជានិមិត្តរូបនៃសន្តិភាព និងការផ្សះផ្សាជាតិ ដែលកម្ពុជាទទួលបាន។


ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានសម្ដែងនូវអំណរសាទ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងសម្រេចបាននូវស្នាដៃជាប្រវត្តិសាស្ត្រនេះ។ ឯកឧត្តមបានបញ្ជាក់ថា ការចុះបញ្ជី "បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺមិនត្រឹមតែជា មោទនភាពជាតិដ៏ធំធេង ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលស្គាល់ដ៏សំខាន់ពីសហគមន៍អន្តរជាតិ ចំពោះការលះបង់ និងការឈឺចាប់ដែលប្រជាជនកម្ពុជាបានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះគឺជាការរម្លឹកដ៏ជ្រាលជ្រៅដល់មនុស្សជំនាន់ក្រោយអំពី សារៈសំខាន់នៃសន្តិភាព និងការផ្សះផ្សាជាតិ។ យើងត្រូវចងចាំជានិច្ចថា សន្តិភាពដែលយើងកំពុងមានសព្វថ្ងៃ គឺបានមកដោយការលំបាក និងការលះបង់ដ៏ធំធេង ហើយការចងចាំនូវអតីតកាលដ៏ឈឺចាប់ គឺដើម្បីធានាថាសោកនាដកម្មបែបនេះនឹងមិនកើតឡើងជាថ្មីម្តងទៀតឡើយ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ទាំងអស់ ជួយផ្សព្វផ្សាយនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នេះឱ្យបានទូលំទូលាយ នៃការចុះបញ្ជីបូជនីយដ្ឋានចងចាំ នៃកម្ពុជា ដើម្បីបម្រើជាមេរៀនដ៏សំខាន់មួយសម្រាប់មនុស្សជាតិទាំងមូល អំពីផលវិបាកនៃការស្អប់ខ្ពើម និងសារៈសំខាន់នៃសាមគ្គីភាព និងការអភ័យទោស ព្រមទាំងយល់ដឹងអំពីអតីតកាល ពង្រឹងស្មារតីសន្តិភាព និងការរួបរួមរបស់យើងសម្រាប់ពេលអនាគត។


សូមបញ្ជាក់ថា ទីតាំងប្រវត្តិសាស្ត្រដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពរួមមាន៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១), មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (វាលពិឃាត) និងអតីតមន្ទីរឃុំឃាំង ម-១៣ (នៅខេត្តកំពង់ស្ពឺ/កំពង់ឆ្នាំង) ។ ទីតាំងទាំងបីនេះតំណាងឱ្យដំណាក់កាលផ្សេងៗគ្នានៃប្រព័ន្ធគាបសង្កត់របស់ខ្មែរក្រហម ហើយឥឡូវនេះត្រូវបានផ្លាស់ប្តូរទៅជាទីកន្លែងសម្រាប់រម្លឹកដល់ជនរងគ្រោះ ការឆ្លុះបញ្ចាំងពីអតីតកាល និងការលើកកម្ពស់ការសិក្សា ដើម្បីលើកទឹកចិត្តដល់ការរស់នៅជាមួយគ្នាដោយសន្តិភាព និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការទប់ស្កាត់អំពើឃោរឃៅបែបនេះនាពេលអនាគត៕
ដោយ៖ រិទ្ធី ប្រភព៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ





