ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណេះសំណាលសាកសួរសុខទុក្ខ ឧបត្ថម្ភអំណោយមនុស្សធម៌របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវជូនអតីតយុទ្ធជននៅឃុំក្រយា
AKP កំពង់ធំ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥--ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងភរិយា កាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៥បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតចំនួន១០គ្រួសារ ដែលកំពុងរស់នៅលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែននៅឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្ដេចនិងលោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរគ្រប់បែបយ៉ាងដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ព្រោះបងប្អូនអតីតយុទ្ធជនរបស់យើង គឺជាអ្នកដែលធ្លាប់បានលះបង់សាច់ស្រស់ឈាមស្រស់ រួមចំណែកជាមួយសម្ដេចតេជោ ដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការបង្កបង្កើតផល ចិញ្ចឹមសត្វ កសាងជីវភាពរស់នៅថ្មីលើដីសម្បទានសង្គមកិច្ចដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកបានផ្ដល់ជូនឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានោះត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អនឹងត្រូវចូលរួមអនុវត្តតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ ដើម្បីសេចក្តីសុខសាន្ត និងសុភមង្គលក្នុងក្រុមគ្រួសារនីមួយៗ នៅក្នុងភូមិអតីតយុទ្ធជនរបស់យើង។

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងភរិយា ព្រមទាំងសហការី បានឧបត្ថម្ភអំណោយមនុស្សធម៌របស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតទាំង ១០គ្ររួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិ១កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួនមួយយួរ ។ ដោយឡែកក្មួយៗ ចៅៗ ដែលបានចូលរួមក្នុងពិធីក៏បានទទួលថវិកាមួយចំនួនផងដែរ៕
ដោយ៖ ស៊ុម វណ្ណា,ប្រភព៖ តំបន់សឹករងកំពង់ធំ





