រដ្ឋបាលស្រុករវៀង ខេត្តព្រះវិហារបើកសម្ពោធ ផ្សារសុខភាពគ្រួសារយើង ផ្គត់ផ្គង់បន្លែផ្លែឈើសុវត្ថិភាព និងផលិតផលក្នុងស្រុកគ្មានសារធាតុគីមី
AKP ព្រះវិហារ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥–រដ្ឋបាលស្រុករវាងបើកសម្ពោធ ដំណើរការស្តង់លក់ដូរបន្លែសុវត្ថិភាពរបស់សហគមន៍និងផលិតផលក្នុងស្រុកគ្មានសារធាតុគីមី ដែលត្រូវបានប្រសិទ្ធនាមថា ផ្សារសុខភាពគ្រួសារយើង។ ផ្សារនេះស្ថិតនៅតំបន់ទីប្រជុំជនផ្សាររវៀង ក្នុងភូមិរវៀងជើង ឃុំរបៀប លក់ដូរសមិទ្ធផលនៃកិច្ចសហការដ៏រឹងមាំរវាងរដ្ឋបាលស្រុករវាងនិងអង្គការដៃគូអភិវឌ្ឍន៍មានដូចជាគម្រោង អង្គការទស្សនៈពិភពលោកកម្ពុជានិងអង្គការអនុផលព្រៃឈើព្រមទាំងមន្ទីរកសិកម្មខេត្ត។ពិធីសម្ពោធផ្សារនេះប្រព្រឹត្តកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតី លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានបងប្អូនប្រជាកសិករសហគមន៍ផលិតផលបន្លែសុវត្ថិភាពអាជីវករផ្សាររវៀងនិងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានគូសបញ្ជាក់ថាការបង្កើតផ្សារនេះឡើងជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់សុខភាពសាធារណៈនិងសុវត្ថិភាពចំណីអាហាររបស់ប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះក៏ជាការលើកកម្ពស់ផលិតផលក្នុងស្រុកនិងជំរុញឲ្យប្រជាកសិករបង្កើនការផលិតបន្លែសុវត្ថិភាពគ្មានសារធាតុគីមីឲ្យបានកាន់តែច្រើនដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចបានជំរុញនឹងលើកទឹកចិត្តដល់កសិករក៏ដូចជាតាមបណ្ដាអង្គភាពស្ថាប័ននានានៅទូទាំងខេត្តព្រះវិហារបង្កើនការផលិតនិងដាំដុះបន្លែឲ្យបានកាន់តែច្រើនបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់ទាំងទីផ្សារនិងសម្រាប់កងទ័ពដែលជាវីរៈយុទ្ធជនឈរជើងការពារបរណៈភាពទឹកដីនៅតាមបន្ទាត់ព្រំដែន ។


លោក អ៊ុក គឹមសាន បានមានប្រសាសន៍សង្កត់ធ្ងន់ថា ភាពជោគជ័យនេះគឺជាភស្តុតាងនៃការរួបរួមសាមគ្គីរវាងរដ្ឋបាលមូលដ្ឋាននិងអង្គការដៃគូអភិវឌ្ឍន៍ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។ លោកបន្តថាការប្រើប្រាស់បន្លែសុវត្ថិភាពគ្មានសារធាតុគីមី និងផលិតផលដែលដាំដុះដោយខ្លួនឯងឬក្នុងស្រុកគឺជារឿងចាំបាច់ដើម្បីកាត់បន្ថយហានិភ័យសុខភាពពីផលិតផលនាំចូលដែលមិនច្បាស់លាស់។ លោកអភិបាលរងខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យងាកមកគាំទ្រផលិតផលក្នុងស្រុកក៏ដូចជាការបង្កើនការដាំដុះបន្លែនៅតាមផ្ទះរៀងៗខ្លួនដើម្បីធានាបាននូវសុវត្ថិភាពចំណីអាហារនិងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននិងសុខភាពគ្រួសារយើង ៕
ដោយ៖ ទិត ស្រ៊





