ក្រសួងវប្បធម៌ រៀបចំពិធីអបអរសាទរការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥--នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៧:០០នាទីព្រឹក នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធីអបអរសាទរការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព”ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពឯកឧត្ដម ហាប់ ទូច រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសិស្សានុសិស្ស ប្រមាណជាង ៣០០នាក់ ។
សូមបញ្ជាក់ជូនថា បូជនីយដ្ឋានចងចាំនៃកម្ពុជា ត្រូវបានគណ:កម្មាធិការបេតិកភណ្ឌពិភពលោក អនុម័តចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងបារីស សាធារណរដ្ឋបារាំង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

ជោគជ័យនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលមានទីតាំងចំនួន៣ រួមមាន៖ អតីតមន្ទីរឃុំឃាំង ម១៣ (ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ស្ពឺ), សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ) គឺកើតចេញពីគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់អាទិភាពខ្ពស់ដល់កិច្ចអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌជាតិប្រកបដោយចីរភាព រួមទាំងការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ។ ការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា”ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត សម្រាប់ប្រជាជននិងប្រជាជាតិកម្ពុជា នៅលើឆាកអន្តរជាតិ និងជាគំរូមួយសម្រាប់ពិភពលោក បង្ហាញពីការតស៊ូដ៏យូរអង្វែងរបស់កម្ពុជា ការផ្សះផ្សាជាតិ ស្មារតីសាមគ្គីរួបរួមជាតិ ការស្វែងរកយុត្តធម៌ជូនជនរងគ្រោះ និងការកសាងសន្តិភាព ជាពិសេសតាមរយៈ នយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានប្រែក្លាយប្រទេសកម្ពុជាពី “វាលពិឃាដ” មកជា “ទឹកដីនៃសន្តិភាព” ដែលជារតនវត្ថុមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិនិងប្រជាជនយើង ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ សូម “អរគុណសន្តិភាព” ៕
ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងវប្បធម៌)





