ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យយុជនជំនាន់ក្រោយស្វែងយល់ពីការលះបង់របស់កម្មាភិបាលជំនាន់មុនដើម្បីថែរក្សាគណបក្សឱ្យរឹងមាំនិងជោគជ័យគ្រប់កាលៈទេសៈ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥--ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកទឹកចិត្តឱ្យយុជនជំនាន់ក្រោយស្វែងយល់ស៊ីជម្រៅពីការលះបង់និងការខិតខំប្រឹងប្រែង របស់កម្មាភិបាលជំនាន់មុន ដើម្បីថែរក្សាគណបក្សឱ្យរឹងមាំនិងជោគជ័យគ្រប់កាលៈទេសៈ ដើម្បីដឹកនាំចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឱ្យរីកចម្រើនលើគ្រប់វិស័យ។

ការលើកទឹកចិត្តរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ធ្វើឡើង ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ក្នុងវេទិកាផ្សព្វផ្សាយ ស្ដីពី កំណែទម្រង់រដ្ឋបាលសាធារណៈ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា) ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដោយបានជំរុញឱ្យសមាជិកគណបក្សទាំងអស់មានស្មារតីខ្ពស់ក្នុងការស្រាវជ្រាវប្រវត្តិនៃការបូជាជូនជាតិមាតុភូមិរបស់កម្មាភិបាលជំនាន់មុនរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីក្លាយជាឃោសនិកមានសមត្ថភាពអាចឆ្លើយតបបានគ្រប់បញ្ហាដែលកើតមានចំពោះគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា គណបក្សប្រជាជនកម្ពុជាមានភាពវិសេសរបស់ខ្លួនណាស់ បើយើងមើលទៅលើអ្វីដែលជាលទ្ធផលឬភាពជោគជ័យគឺយើងគ្រាន់តែសាទរ តែបើយើងមើលថា តើតាំងពី៧៩រហូតមកដល់ពេលបច្ចុប្បន្ន គណបក្សឆ្លងកាត់អ្វីខ្លះ ទាំងការថែរក្សាឱ្យបាននឹងនរសាមគ្គី និងឯកភាពផ្ទៃក្នុងរបស់គណបក្ស ហើយវិធីសាស្ត្រនយោបាយយុទ្ធសាស្ត្រ ដើម្បីឱ្យនៅតែជាជម្រើសតែមួយគត់ របស់ប្រជាជន ហើយទទួលនូវជ័យជម្នះរាល់ការបោះឆ្នោតទាំងអស់ក៏យើងត្រូវការស្វែងយល់ដែរ ហើយទាំងអស់ចេញមកពីភាពឈ្លាវៃនិងការលះបង់របស់កម្មាភិបាលជំនាន់មុនដែលជាឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់របស់យើង។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា «ចឹងទី១ ស្នើឱ្យកម្មាភិបាលជំនាន់ក្រោយរបស់គណបក្ស ដូចខ្ញុំអ៊ីចឹង ខំប្រឹងប្រែងស្វែងយល់ ទាំងភាពជោគជ័យ តែអ្វីដែលជាការឆ្លងកាត់នៃការសាកល្បង ព្រោះថា ទាល់តែយើងយល់ថា ឆ្លងកាត់អ្វីខ្លះ បានយើងរឹតតែឱ្យតម្លៃ បើយើងមើលត្រឹមតែលទ្ធផលចុងក្រោយ យើងអត់ឱ្យតម្លៃទេ មិនសូវឱ្យតម្លៃនិយាយឱ្យសាមញ្ញ ដូចឧទាហរណ៍ កម្មាភិបាលជំនាន់មុនអត់មានសញ្ញាបត្រជាន់ខ្ពស់ដូចអ្នកជំនាន់ក្រោយទេ អត់មានសញ្ញាបត្រនៅក្រៅប្រទេសដូចអ្នកជំនាន់ក្រោយទេ អ៊ីចឹងអ្នកជំនាន់ក្រោយមួយចំនួនយើងខ្ញុំជួបជាក់ស្ដែងតែម្ដងនៅកំពង់ស្ពឺ ចុះទៅពើងទ្រូងដាក់ចាស់ៗ ដោយគិតប្រៀបយកត្តាមូលដ្ឋានយកសញ្ញាបត្រប្រៀបធៀបហ្មង តែបើមើលជាក់ស្ដែងទៅចាស់ៗលះបង់ច្រើនណាស់»។

ក្រៅពីនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្នើសុំសមាជិកគណបក្សស្វែងយល់បន្ថែម នូវភាពពិសេសនិងការខំប្រឹងប្រែង របស់គណបក្ស ធ្វើយ៉ាងណាកុំពើងទ្រូងដាក់ថ្នាក់ដឹកនាំជំនាន់មុន មើលស្រាលគាត់ទៅលើអ្វីដែលជាសញ្ញាបត្រ បើយើងដឹងថា គាត់ឆ្លងកាត់អ្វីខ្លះទម្រាំមកដល់ថ្ងៃនេះ មិនមែនជាកត្តាសាមញ្ញពេកនោះទេ។ ព្រមទាំងសុំឱ្យមកចូលរួមទាំងអស់គ្នា ពង្រឹងសមត្ថភាព នូវការលះបង់របស់យើង រៀនសូត្រពីកម្មាភិបាលជំនាន់មុន ដោយពួកគាត់អត់សញ្ញាបត្រ ដូចយើង ប៉ុន្តែឧត្តមគតិ និងការលះបង់ដើម្បីជាតិនិងប្រជាជនធំខ្ពស់ណាស់ គឺកំណត់ច្បាស់លាស់ ពីឧត្តមគតិនិងលះបង់ខ្លួនឯង ដើម្បីប្រទេសជាតិនិងប្រជាជន តម្កល់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនទាំងអស់នេះជាអ្វីដែលយើងត្រូវស្វែងយល់បន្ថែម។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានគណៈប្រចាំការនៃ គណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានលើកឡើងថា វេទិកាផ្សព្វផ្សាយនៅព្រឹកនេះ រៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងនិងផ្ដល់នូវពុទ្ធិថ្មីៗបន្ថែមទៀត ដល់យុវជនគណបក្សអំពីសមិទ្ធផលក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងរយៈពេល២២ខែកន្លងមកនេះ ដើម្បីរួមចំណែកបន្ថែមទៀតឱ្យយុវជនគណបក្សម្នាក់ៗ ឱ្យក្លាយជាសាក្សីរស់នៃការពិតនិងជាវាគ្មិនដ៏មុតស្រួចរបស់គណបក្ស សម្រាប់នៅគ្រប់កាលៈទេសៈជាពិសេសសម្រាប់ការត្រៀមខ្លួនឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៨ឆ្នាំ២០២៨ខាងមុខ។
សូមជម្រាបជូនថា ក្នុងវេទិកាផ្សព្វផ្សាយស្តីពី «កំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា» នៅព្រឹកនេះ មានយុវជនគណបក្សប្រជាជនកម្ពុជាចំនួន ៣៥០០ នាក់ បានចូលរួមស្ដាប់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៕
ដោយ គង់ សិរីរ័ត្ន





