រដ្ឋបាលខេត្តបន្ទាយមានជ័យអបអរសាទរ “បូជនីយដ្ឋានចងចាំនៃកម្ពុជា” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
AKP បន្ទាយមានជ័យថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ -- រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីទូងស្គរ និងគោះត្រដោកយ៉ាងឱឡារិកនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីអបអរសាទរទិវាប្រវត្តិសាស្ត្រដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆន្ទចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការសម្រេចនេះធ្វើឡើងនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង កាលពីវេលាម៉ោង ៥:៣៥ នាទីល្ងាច ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ (ត្រូវនឹងម៉ោង ១០:៣៥ នាទីយប់ នៅកម្ពុជា)។

ពិធីអបអរសាទរនេះបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ស្ថិតនៅបរិវេណសាលាខេត្តបន្ទាយមានជ័យផ្ទាល់តែម្តង។

គោលបំណងនៃការចុះបញ្ជី និងទីតាំងប្រវត្តិសាស្ត្រសំខាន់ៗ ការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា” នេះមានគោលបំណងចម្បងក្នុងការពង្រឹងការការពារបូជនីយដ្ឋានប្រវត្តិសាស្ត្រសំខាន់ៗទាំងនេះ និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបីបន្ថែមទៀតទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ទីតាំងទាំងបីនោះរួមមាន
, អតីតមន្ទីរឃុំឃាំង ១៣ (ខេត្តកំពង់ស្ពឺ)
,សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (រាជធានីភ្នំពេញ)
, មជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (រាជធានីភ្នំពេញ)
ទីតាំងទាំងអស់នេះតំណាងឱ្យផ្នែកដ៏សោកនាដកម្មមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។ ការដាក់បញ្ចូលទីតាំងទាំងនេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មិនត្រឹមតែជាការទទួលស្គាល់នូវសារៈសំខាន់ជាសកលរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរំលឹកដល់មេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់ ដើម្បីការពារកុំឱ្យសោកនាដកម្មបែបនេះកើតឡើងសាជាថ្មីនៅថ្ងៃអនាគត។

ថ្លែងក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា «ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាមោទកភាពដ៏ធំធេងសម្រាប់ជាតិយើងទាំងមូល។ វាជាការទទួលស្គាល់ជាអន្តរជាតិចំពោះការលះបង់ដ៏ធំធេងរបស់ប្រជាជនកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ ហើយក៏ជាសារមួយសម្រាប់មនុស្សជាតិទាំងមូលថា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិមិនអាចកើតមានឡើងម្តងទៀតបានឡើយ។ ទីតាំងទាំងនេះមិនត្រឹមតែជាកន្លែងចងចាំនូវអតីតកាលដ៏ឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមជ្ឈមណ្ឌលសម្រាប់ផ្សះផ្សារជាតិ និងស្វែងរកសន្តិភាពយូរអង្វែងផងដែរ។ យើងខ្ញុំនឹងបន្តខិតខំប្រឹងប្រែងការពារ និងថែរក្សាបេតិកភណ្ឌទាំងនេះឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ»។

ការដាក់បញ្ចូលបូជនីយដ្ឋានទាំងនេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងជាសកលអំពីផលវិបាកនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងពង្រឹងសារៈសំខាន់នៃសន្តិភាព ការផ្សះផ្សារ និងការគោរពសិទ្ធិមនុស្ស៕
ដោយ៖ ឈុនសារ៉ាត





