ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ៖ យោធភូមិភាគទី៥ចូលរួមវាយជួងអបអរសាទរការដាក់បញ្ចូលបូជនីយដ្ឋានចងចាំទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
AKPបន្ទាយមានជ័យ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ --នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាបានប្រារព្ធព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ ដោយបានទូងស្គរវាយជួងអបអរសាទរជាផ្លូវការនូវការចុះបញ្ជី «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

ពិធីដ៏មានអត្ថន័យនេះបានប្រារព្ធឡើងនៅវេលាម៉ោង ៥:៣៥ នាទីរសៀល (ម៉ោងនៅទីក្រុងប៉ារីស) និងវេលាម៉ោង ១០:៣៥ នាទីយប់ (ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា)។
ព្រឹត្តិការណ៍ដ៏សំខាន់នេះនៅយោធភូមិភាគទី៥នាព្រឹកថ្ងៃទី១៣ខែកក្កដានេះ បានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងមានការចូលរួមពីសំណាក់មេបញ្ជាការរង នាយសេនាធិការរង នាយទាហាន នាយទាហានរង និងពលទាហានចំណុះយោធភូមិភាគទី៥ ជាច្រើនរូបផងដែរ។
គោលបំណងនៃការចុះបញ្ជី និងទីតាំងប្រវត្តិសាស្ត្រ
ការចុះបញ្ជី «បូជនីយដ្ឋានចងចាំនៃកម្ពុជា» នេះមានគោលបំណងចម្បងក្នុងការពង្រឹងការការពារបូជនីយដ្ឋានប្រវត្តិសាស្ត្រសំខាន់ៗទាំងនេះ និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបីបន្ថែមទៀតទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ទីតាំងទាំងបីនោះរួមមាន៖
អតីតមន្ទីរឃុំឃាំង ១៣ (ខេត្តកំពង់ស្ពឺ)
, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (រាជធានីភ្នំពេញ)
, មជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (រាជធានីភ្នំពេញ)
ទីតាំងទាំងនេះតំណាងឱ្យផ្នែកដ៏សោកនាដកម្មមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។ ការដាក់បញ្ចូលទីតាំងទាំងនេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មិនត្រឹមតែជាការទទួលស្គាល់នូវសារៈសំខាន់ជាសកលរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរំលឹកដល់មេរៀនប្រវត្តិសាស្ត្រ ដើម្បីការពារកុំឱ្យសោកនាដកម្មបែបនេះកើតឡើងសាជាថ្មី។


ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងប្ដេជ្ញាចិត្តយ៉ាងមុតមាំថា«ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាជោគជ័យដ៏ធំធេងមួយសម្រាប់ជាតិយើង។ នេះមិនមែនត្រឹមតែជាការទទួលស្គាល់នូវតម្លៃប្រវត្តិសាស្ត្ររបស់ទីតាំងទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងពីឆន្ទៈដ៏មុតមាំរបស់ប្រជាជាតិកម្ពុជាទាំងមូល ក្នុងការចងចាំនូវអតីតកាលដ៏ឈឺចាប់ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង ប្រកបដោយសន្តិភាព និងការផ្សះផ្សាជាតិ។ ក្នុងនាមយោធភូមិភាគទី៥ យើងខ្ញុំប្ដេជ្ញាការពារ និងថែរក្សាបូជនីយដ្ឋានទាំងនេះ ឱ្យបានគង់វង្សជានិរន្តរ៍ ដើម្បីទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ និងជាសារក្រើនរំលឹកដល់មនុស្សជាតិទាំងមូលអំពីតម្លៃនៃសន្តិភាព។»អត្ថន័យនិងសារៈសំខាន់ការដាក់ បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាជំហានដ៏សំខាន់មួយក្នុងការធានាថាប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជាមិនត្រូវបានបំភ្លេចឡើយ។ ទីតាំងទាំងនេះនឹងបន្តដើរតួជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ ផ្សព្វផ្សាយការយល់ដឹងអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាទីកន្លែងសម្រាប់លើកកម្ពស់សន្តិភាព និងការគោរពសិទ្ធិមនុស្ស។ វាជាការបង្ហាញឱ្យពិភពលោកឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រែក្លាយទីតាំងឧក្រិដ្ឋកម្មទៅជាមណ្ឌលផ្សះផ្សា និងសន្តិភាពដ៏សំខាន់មួយ៕
ដោយ៖ ឈុនសារ៉ាត





