ឯកឧត្តមថាំង វិយុទ្ធដានាំយកទៀនវស្សាទេយ្យទាន និងបច្ច័យវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៥នៅឃុំបន្ទាយស្ទោង
AKPកំពង់ធំ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តមថាំង វីយុទ្ធដា រដ្ឋលេខាធិកាក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំដំណាងឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងបានដឹកនាំក្រុមការងារនាំយកទៀនវស្សា ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជ: និងបច្ច័យមួយចំនួនវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៥វត្តក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសនេះឯកឧត្តមថាំង វីយុទ្ធដា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់និងនឹករលឹកដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់ពេលវេលាជាពិសេសបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធនាសាស្ត្រ ស្អេកស្កះគ្រប់ឃុំក្នុងស្រុកស្ទោង។

ឯកឧត្តមបានជម្រាបជូនពីប្រវត្តិបុណ្យចូលព្រះវស្សាដែលជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ហើយជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូបបាននាំគ្នាជ្រះថ្លារៀបចំគ្រឿងសក្ការៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗ សម្រាប់ឧបត្ថម្ភដល់ព្រះភិក្ខុសង្ឃប្រើប្រាស់ក្នុងរដូវកាលចូលកាន់ព្រះវស្សា ដែលពិធីបុណ្យចូលកាន់ព្រះវស្សាមានរយៈពេល ៣ខែ ចាប់ពីថ្ងៃ ១រោច ខែអាសាឍដល់ថ្ងៃ ១៥កើត ខែអស្សុជ។


សូមជម្រាបថា ទេយ្យទាន និងបច្ច័យដែលវេរប្រគេនដល់ព្រះសង្ឃទាំង៥វត្ត នាពេលនេះ រួមមាន៖ទៀនព្រះវស្សាចំនួន ១គូអង្ករ៣០០គីឡូក្រាម ត្រីងៀត៨គីឡូ មីជាតិ៦កេស ត្រីខ១កេស ទឹកដោះគោ១កេស ទឹកស៊ីអ៊ីវ ១០យួរ ទឹកត្រី ១០យួរ ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស នំ១ធុងធំ ស្ករស១០គីឡូ ស្លាដក់១និងបច្ច័យចំនួន ១លានរៀល ក្នុង១វត្តព្រមទាំងបច្ច័យបន្ថែមរបស់លោក លោកស្រី ពុទ្ធបរិស័ទប្រជាពលរដ្ឋជាង៣០ម៉ឺនរៀល ក្នុង១វត្ត។ ជាមួយគ្នានេះដែរ ក្រុមការងារបានជូនថវិកាដល់លោកតាអាចារ្យ ១០នាក់ ក្នុងម្នាក់ៗចំនួន៥ម៉ឺនរៀល ប្រជាការពារ ១១នាក់ម្នាក់ៗ២ម៉ឺនរៀល និងចាស់ៗចំណុះជើងវត្ត ប្រមាណជាង២០០នាក់ ក្នុងម្នាក់ៗចំនួន១ម៉ឺនរៀល៕
ដោយ៖ ស៊ុម វណ្ណា





