រដ្ឋបាលខេត្តបន្ទាយមានជ័យ ណែនាំឱ្យវាយគង ទូងស្គរ អបអរការចុះបញ្ជីបូជនីយដ្ឋានចងចាំទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែកក្កដា ២០២៥–រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២៥នេះបានចេញសេចក្តីណែនាំមួយទៅកាន់ស្ថាប័នរដ្ឋ និងឯកជន មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ វត្តអារាម អាស្រម សាលារៀន និងប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា" ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដើម្បីអបអរសាទរ និងរំលឹកដល់ព្រឹត្តិការណ៍ដ៏សំខាន់នេះ គ្រប់ស្ថាប័ន មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ វត្តអារាម អាស្រម សាលារៀន វិស័យឯកជន និងប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវត្រៀមរៀបចំទីកន្លែងរៀងៗខ្លួន ដើម្បីជួបជុំគ្នាធ្វើការ វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន។
ពិធីអបអរសាទរនេះ នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ០៧:០០ ព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
គោលបំណងសំខាន់នៃការប្រារព្ធពិធីវាយគង ទូងស្គរនេះ មិនត្រឹមតែជាការអបអរសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបំផុសបន្ថែមទៀតនូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹកអំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ។

សេចក្តីជូនដំណឹងនេះបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការចងចាំនូវមេរៀនប្រវត្តិសាស្ត្រ ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសជាតិ។ ការចូលរួមពីគ្រប់មជ្ឈដ្ឋាន គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីថែរក្សាសន្តិភាព ដែលជាតម្លៃមិនអាចកាត់ថ្លៃបាន។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង វេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង ១០:៣៥នាទីយប់ នៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា មានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន អតីតមន្ទីរឃុំឃាំង ម-១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)៕
ដោយ៖ ឈុន សារ៉ាត





