សម្តេចប្រធានរដ្ឋសភាអបអរសាទរបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមក ជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
AKP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥--សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភាបានអបអរសាទរចំពោះបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមក ជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចជាឯកច្ឆន្ទចុះក្នុង បញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

យោងតាមសារលិខិតអបអរសាទររបស់សម្តេចប្រធានរដ្ឋសភានៅថ្ងៃទី១១ខេកក្កដា ឆ្នាំ២០២៥បានលើកឡើងថាតាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាយ៉ាង ប្រកបដោយមោទកភាពជាតិខ្ពស់ ជ្រាលជ្រៅចូលរួមអបអរសាទរពោរពេញដោយសេចក្តីរំភើបរីករាយឥតឧបមា បំផុតជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងឱកាស “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមក ជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចជាឯកច្ឆន្ទចុះក្នុង បញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមរយៈសំណើរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះ ដែលជាព្រឹត្តិកាណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ថ្មីមួយទៀតរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល ។

សម្តេចប្រធានរដ្ឋសភាបានបន្តថាការចុះ “ បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ដែល រួមមាន អតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជ សាសន៍ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីប្រកបដោយថាមពល គតិបណ្ឌិតភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ ស្មារតីមោះមុត និងស្វាហាប់ បានបន្តដឹកនាំ ផ្តល់យោបល់ និងណែនាំដល់ក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ និងក្រសួងស្ថាប័នពាក់ព័ន្ធតាំងពីឆ្នាំ២០១៩ រហូតមក ដើម្បីសិក្សាលទ្ធភាពបញ្ចូលទីតាំងសារមន្ទីរ ទួលស្លែង ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ សម្រាប់ទុកជាកេរមត៌កប្រវត្តិសាស្ត្រនៃការ ចងចាំ សម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវ អំណរព្រះគុណចំពោះព្រះករុណាទិគុណដ៏ជ្រាលជ្រៅវិសេសបំផុតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះអង្គទាំងទ្វេទ្រង់តែងតែប្រោស ប្រទាននូវការគាំទ្រយ៉ាងពេញទំហឹងជានិច្ចចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជាតិ និង មាតុភូមិកម្ពុជា។
សម្តេចមហារដ្ឋសភាធិការធិបតីបានបញ្ជាក់ថា៖"យើងខ្ញុំទាំងអស់គ្នា សូមយកឱកាសនេះធ្វើការកោតសរសើរដោយស្មោះ និងមូលវិចារណ៍ដ៏ថ្លៃថ្លាជូនចំពោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាជិក សមាជិកា នៃ គណៈកម្មាធិការអន្តរក្រសួង អាជ្ញាធរមូលដ្ឋាន រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំព្យាយាម លះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ប្រកបដោយភាពប៉ិនប្រសប់ និងវិជ្ជាជីវៈខ្ពស់ ពុះពារជម្នះគ្រប់ការលំបាក រហូតសម្រេចបាននូវការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលនេះ"៕
ដោយ៖ ប៊ុនរិទ្ធ





