ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ចុះសួរសុខទុក្ខ និងនាំអំណោយជូនកងកម្លាំងការពារព្រំដែនជួរមុខនៅបន្ទាយមានជ័យ
AKPបន្ទាយមានជ័យ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥--ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រួមជាមួយនឹង លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារនៅ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគទៅចែកជូនដល់កម្លាំងវរនគរបាលការពារព្រំដែនគោកចំនួន ៤ ដែលកំពុងឈរជើងជួរមុខ នៅទីបញ្ជាការដ្ឋានការពារវរសេនាតូចលេខ ៨០៧ ស្រុកថ្មពួក។

ពិធីនេះបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះកងកម្លាំងជួរមុខ។
អំណោយដ៏ថ្លៃថ្លាសម្រាប់វរការពារព្រំដែនដើម្បីលើកទឹកចិត្ត និងសម្រាលបន្ទុកជីវភាពរបស់កងកម្លាំងដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាព ទឹកដី អង្គភាពទាំងបួនបានទទួលអំ ណោយរួមមាន អង្ករ ចំនួន ០២ តោន, ទឹកសុទ្ធ ចំនួន ២០ កេស, ទឹកត្រី ចំនួន ៣០ យួរ,ទឹកស៊ីអ៉ីវ ចំនួន ៣០ យួរ មីជាតិ ចំនួន ៣០ កេសតូច,ត្រីខកំប៉ុង ចំនួន ១០ កេះ, ភេសជ្ជៈ ចំនួន ១០០ កេស, តង់កៅស៊ូ ចំនួន ១០ ផ្ទាំង, ថវិកា ចំនួន ២០ លានរៀល។

អំណោយទាំងអស់នេះ គឺជាការបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងជួរមុខ ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខជូនប្រទេសជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានថ្លែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងស្មារតីលះបង់របស់កងកម្លាំងនគរបាលការពារព្រំដែន។ ឯកឧត្តមបានគូសបញ្ជាក់ថា"បងប្អូនកងកម្លាំងទាំងអស់ ពិតជាបានបំពេញភារកិច្ចយ៉ាងឧត្តុង្គឧត្តម ក្នុងការការពារបូរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសុខសន្តិភាពសម្រាប់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនជានិច្ច។ អំណោយដែលបាននាំយកមកជូននៅថ្ងៃនេះ គឺគ្រាន់តែជាផ្នែកតូចមួយនៃការដឹងគុណ និងលើកទឹកចិត្តដល់បងប្អូនប៉ុណ្ណោះ។ សូមឲ្យបងប្អូនបន្តរក្សាស្មារតីប្រុងប្រយ័ត្នខ្ពស់ និងបន្តបំពេញភារកិច្ចឲ្យបានល្អប្រសើរ ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។"ចំណែក លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានបន្ថែមនូវប្រសាសន៍លើកទឹកចិត្ត ថា"ខ្ញុំពិតជាមានមោទកភាពយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនកងកម្លាំងដែលឈរជើងនៅជួរមុខ។ ការលំបាក និងការលះបង់របស់បងប្អូន គឺមិនអាចកាត់ថ្លៃបានឡើយ។ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងទាំងអស់ ដើម្បីធានាបាននូវសុវត្ថិភាពនៅតាមបណ្តោយព្រំដែន និងទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា។ សូមបងប្អូនថែរក្សាសុខភាព និងបន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញតួនាទីជាកម្លាំងស្នូលរបស់ជាតិ។"សូមជម្រាបថាដំណើរទស្សនកិច្ច និងការចែកអំណោយនេះ មិនត្រឹមតែបានផ្តល់នូវជំនួយសម្ភារៈដល់កងកម្លាំងប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្តយ៉ាងខ្លាំងក្លាពីថ្នាក់ដឹកនាំ ដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់កងកម្លាំងជួរមុខក្នុងការបន្តបំពេញភារកិច្ចដោយភាពក្លាហាន និងមោទកភាព៕
ដោយ៖ ឈុនសារ៉ាត





