ឯកឧត្តមនួន ផារ័ត្នអញ្ជើញបើកការដ្ឋានសាងសង់អគារសិក្សាចំនួន៥ខ្នងនៅស្រុកតាំងគោក
AKPកំពង់ធំថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥--ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំនិងសមាគមឧកញ៉ាកម្ពុជានិងមន្ត្រីរាជការបានអញ្ជើញបើកការដ្ឋានសាងសង់អគារសិក្សាចំនួន៥ខ្នងស្មើនឹង៥៥បន្ទប់ ជាអំណោយរបស់សមាគមឧកញ៉ាកម្ពុជាជូនដល់វិទ្យាល័យទ្រៀលសាលាបឋមសិក្សាកកោះ សាលាបឋមសិក្សាអូរសបួរ សាលាបឋមសិក្សាជាន់លែងភូមិថ្មី និងសសលាបឋមសិក្សា ហ៊ុនសែន ឈូកជីព្រះ ឃុំទ្រៀលស្រុកតាំងគោក។

ពិធីនេះប្រារព្ធឡើងនៅបរិវេណវិទ្យាល័យទ្រៀលឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តមនួន ផារ័ត្នមានប្រសាសន៍ថាសមាគមឧកញ៉ាកម្ពុជាបានខិតខំយកចិត្តទុកដាក់ទៅលើវិស័យអប់រំជាចម្បងដើម្បីឱ្យការសិក្សារៀនសូត្ររបស់សិស្សានុសិស្សមានគុណភាព សុវត្ថិភាព ឥរិយាបថ និងមានសីលធម៌ល្អក្នុងការរស់នៅក្នុងគ្រួសារ និងសង្គមជាតិ។សាលារៀនជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្ស នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ពីលោកគ្រូអ្នកគ្រូដើម្បីយកទៅសិក្សារៀនសូត្រក្នុងការកសាងខ្លួនឱ្យក្លាយទៅជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ។


ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំសូមថ្លែងអំណរគុណដល់សមាគមឧកញ៉ាកម្ពុជាដែលបានជួយកសាងសាលារៀន និងឧបត្ថម្ភជាសម្ភារៈផ្សេងៗដល់សាលារៀន ក្នុងការយកទៅប្រើប្រាស់ក្នុងការសិក្សារៀនសូត្រ ចូលរួមចំណែកនូវអភិវឌ្ឍធនធានមនុស្សនៅតាមសាលារៀន។ពិធីបើកការដ្ឋានសាងសង់សាលារៀននេះ ចូលរួមចំណែកឱ្យសំណង់មានភាពរឹងមាំ មានបច្ចេកទេសត្រឹមត្រូវ ប្រើប្រាស់បានយូរអង្វែងនិងមានផាសុខភាពដល់ការសិក្សារៀនសូត្ររបស់សិស្សទាំងពេលព្រឹកនិងពេលរសៀល៕
ដោយ៖ ស៊ុម វណ្ណា





