មីយ៉ាន់ម៉ាទទួលបានតំណែងជាប្រធានគណៈកម្មាធិការអាស៊ាននៅទីក្រុងវីយែន
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ -- ប្រទេសមីយ៉ាន់ម៉ាបានចូលកាន់តំណែងជាប្រធានគណៈកម្មាធិការអាស៊ាននៅទីក្រុងវីយែន(ACV) នៅក្នុងកិច្ចប្រជុំលើកទី៦៣ របស់គណៈកម្មាធិការនេះដែលបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ភារៈធារីឡាវប្រចាំប្រទេសអូទ្រីស លោក វៀងសាយ ថាមម៉ាវង្ស (Viengxay Thammavong)។
កិច្ចប្រជុំនោះបានប្រមូលផ្តុំតំណាងមកពីប្រទេសអាស៊ានទាំងប្រាំបីដែលមានបេសកកម្មការទូតនៅទីក្រុងវីយែន ដែលរួមមានឥណ្ឌូណេស៊ីឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
នៅក្នុងសម័យប្រជុំនោះ បណ្តារដ្ឋជាសមាជិកបានពិនិត្យមើលទៅលើសកម្មភាពនៃកិច្ចសហប្រតិបត្តិការដែលបានធ្វើឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ នេះ។ ប្រទេសជាសមាជិកបានកោតសរសើរប្រទេសឡាវចំពោះកិច្ចខិតខំប្រឹងប្រែង និងការផ្តួចផ្តើមគំនិតថ្មីៗក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការវប្បធម៌ លើកកម្ពស់មុខមាត់អាស៊ាននៅក្នុងប្រទេសអូទ្រីស និងពង្រឹងការចូលរួមជាមួយអង្គការអន្តរជាតិនានានៅក្នុងទីក្រុងវីយែន។
អ្នកចូលរួមបានឯកភាពគ្នាទៅលើសារៈសំខាន់នៃការរក្សាសំឡេងរួមរបស់អាស៊ាននៅក្នុងវេទិកាពហុភាគី ជាពិសេសក្នុងវិស័យដែលមានផលប្រយោជន៍រួមគ្នា ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព បច្ចេកវិទ្យាការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងសន្តិសុខថាមពលជាដើម។ពួកគេក៏បានផ្លាស់ប្តូរព័ត៌មានស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសអូទ្រីស និងចែករំលែកព័ត៌មានថ្មីៗអំពីបេក្ខភាពរដ្ឋសមាជិកអាស៊ានសម្រាប់អង្គការអន្តរជាតិនាពេលខាងមុខផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





