ថៃសង្ឃឹមថានឹងបញ្ចប់កិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកមុនពេលនៃការកំណត់កាលបរិច្ឆេទថ្មី
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ -- ប្រទេសថៃមានសុទិដ្ឋិនិយមថា ខ្លួនអាចបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកមុនការកំណត់កាលបរិច្ឆេទនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ខាងមុខ ដើម្បីចៀសវាងការយកពន្ធ ៣៦% ដែលដាក់ចេញដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ពីឆៃ ជុនហាវ៉ាជីរ៉ា (Pichai Chunhavajira)។
ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានស្នើឱ្យកាត់បន្ថយពន្ធនាំចូលទៅលើទំនិញអាម៉េរិកភាគច្រើនមកនៅត្រឹមសូន្យ ពង្រីកលទ្ធភាពប្រើប្រាស់ផលិតផលកសិកម្ម និងឧស្សាហកម្មរបស់អាម៉េរិក និងបង្កើនការទិញថាមពល និងយន្តហោះក្រុមហ៊ុនប៊ូអ៊ីង។ ប្រទេសថៃក៏បានសន្យាផងដែរថានឹងកាត់បន្ថយអតិរេកពាណិជ្ជកម្មចំនួន ៤៦ពាន់លានដុល្លារអាម៉េរិករបស់ខ្លួនជាមួយសហរដ្ឋអាមេរិកចំនួន ៧០% ក្នុងរយៈពេល ៥ឆ្នាំ។
បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងទាំងនេះក៏ដោយ ក៏លិខិតមួយរបស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នៅតែរក្សាអត្រាពន្ធ ៣៦% សម្រាប់ប្រទេសថៃ។
អស្ថិរភាពនយោបាយកំពុងតែបន្ថែមកង្វល់ដល់អ្នកវិនិយោគបន្ទាប់ពីការព្យួរតំណែងរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់(Paetongtarn Shinawatra)។ ប្រាក់បាតថៃបានកើនឡើងបន្តិច ខណៈដែលសន្ទស្សន៍ភាគហ៊ុនបានធ្លាក់ចុះ ០,៦% ដែលនាំមកនូវការខាតបង់សរុបនៅឆ្នាំនេះដល់ទៅ ២០%។
សេដ្ឋវិទូបានព្រមានអំពីការបិទរោងចក្រមួយចំនួនដែលអាចកើតមាននិងការបាត់បង់ការងារ ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច។ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ បាននិយាយថា ខ្លួននឹងកែប្រែការព្យាករកំណើនទៅតាមនោះ។
សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញកំពូលរបស់ប្រទេសថៃដែលមានចំនួន ១៨% នៃការនាំចេញសរុប។ ការនាំចេញបានកើនឡើង ១៥% ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៥ ដែលត្រូវបានជំរុញដោយការបញ្ជាទិញទុកជាមុន បន្ទាប់ពីការផ្អាករយៈពេល ៩០ថ្ងៃនៅក្នុងការយកពន្ធខ្ពស់ដែលកំណត់ដោយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





