កិច្ចប្រជុំ AMM-58 និងកិច្ចប្រជុំពាក់ព័ន្ធប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ -- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ (AMM-58) និងកិច្ចប្រជុំពាក់ព័ន្ធបានធ្វើពិធីបើកនៅទីក្រុងគូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៩ ខែកក្កដាឆ្នាំ២០២៥។
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយថា ការយកឈ្នះទៅលើការលំបាក និងបញ្ហាប្រឈមនានា អាស៊ានបានតស៊ូ និងការពារសន្តិភាពព្រមទាំងពង្រីកវិបុលភាព។ ប្លុកបានបង្កើនកិច្ចសហប្រតិបត្តិការ និងឆន្ទៈក្នុងការបន្តការចូលរួម បើទោះបីជាអតីតកាលមានភាពលំបាក និងការធ្វើតេស្តនាពេលបច្ចុប្បន្នក៏ដោយ។
នាយករដ្ឋមន្រី្តរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា «ភាពរឹងមាំនៃតំបន់របស់យើង មិនមែនស្ថិតក្រោមការអវត្ដមាននៃភាពតានតឹងនោះទេ ប៉ុន្តែនៅក្នុងការប្តេជ្ញាចិត្តរបស់យើងក្នុងការគ្រប់គ្រងវា តាមរយៈការគោរពគ្នាទៅវិញទៅមក ការសន្ទនាជាបន្តបន្ទាប់ និងការស្វែងរកការឯកភាពគ្នា»។
លោក អាន់វ៉ា បាននិយាយថា អាស៊ានត្រូវការធានាឱ្យមានភាពកាន់តែជិតស្និទ្ធរវាងគោលនយោបាយការបរទេស និងសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីពង្រឹងភាពស្អិតរមួតក្នុងតំបន់ ចំពេលដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មកំពុងមានការកើនឡើង។
លោកបាននិយាយថា បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីសេដ្ឋកិច្ច ត្រូវតែចាត់វិធានការដើម្បីប្រឈមមុខនឹងបញ្ហា ដោយលោកបានសង្កត់ធ្ងន់ថា ការរួមផ្សំគ្នាបែបនេះមានសារៈសំខាន់ណាស់នៅក្នុងការប្រែក្លាយការរួបរួមរបស់អាស៊ានទៅជាលទ្ធផលជាក់ស្តែង។ ភាពចាំបាច់នេះ ត្រូវបានអនុលោមតាមចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ដែលទាមទារឱ្យមានកិច្ចសហការគ្នាកាន់តែខ្លាំងឡើងទៅលើសសរស្តម្ភ និងវិស័យទាំងអស់។
មេដឹកនាំម៉ាឡេស៊ីរូបនេះបានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំ AMM-58 នឹងបញ្ជាក់ឡើងវិញនូវការជឿជាក់ថា អាស៊ាននឹងរក្សាបាននូវភាពស្អិតរមួតភាពធន់ និងការគោរព។
កិច្ចប្រជុំ AMM-58 គឺជាកិច្ចប្រជុំដ៏ធំបំផុតរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងអ្នកការទូតជាន់ខ្ពស់មកពីជុំវិញពិភពលោក ដើម្បីពិភាក្សាទៅលើបញ្ហាសកលលោក និងតំបន់ ជំរុញកិច្ចសហប្រតិបត្តិការ និងការជំរុញរបៀបវារៈសន្តិសុខ និងនិរន្តរភាពនៅក្នុងអាស៊ាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





