នាយករដ្ឋមន្ត្រីអូស្ត្រាលីនឹងធ្វើទស្សនកិច្ចនៅប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃអង្គារថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អានថូនី អាល់បានែស (Anthony Albanese) នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) ។
អ្នកនាំពាក្យ លោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅពេលដែលភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អូស្ត្រាលី ឈានចូលទសវត្សរ៍ទីពីររបស់ខ្លួន។
លោកស្រី ម៉ៅ បាននិយាយថា «ក្រោមការណែនាំរបស់មេដឹកនាំនៃប្រទេសទាំងពីរ និងជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នា ទំនាក់ទំនងចិន-អូស្ត្រាលី បានបន្តប្រសើរឡើង»។
លោកស្រីបានបន្ថែមថា «ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសអូស្ត្រាលី ដើម្បីយកដំណើរទស្សនកិច្ចនេះជាឱកាសមួយក្នុងការពង្រឹងទំនាក់ទំនង បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងជំរុញភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





