មន្ទីរបញ្ចកោណបញ្ជាក់ពីផែនការរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូនសព្វាវុធការពារបន្ថែមទៀតទៅកាន់ទីក្រុងគៀវ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ -- ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់អំពីផែនការរបស់រដ្ឋបាលអាម៉េរិកក្នុងការផ្តល់សព្វាវុធការពារបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ស៊ាន ផានែល (Sean Parnell) បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណើរបស់សារព័ត៌មានតាសស៍ (TASS) ដើម្បីធ្វើអត្ថាធិប្បាយទៅលើផែនការរបស់រដ្ឋបាលអាម៉េរិកថា «យោងតាមការណែនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្រសួងការពារជាតិកំពុងបញ្ជូនសព្វាវុធការពារបន្ថែមទៀតទៅកាន់អ៊ុយក្រែនដើម្បីធានាថា ប្រជាជនអ៊ុយក្រែនអាចការពារខ្លួនបាន ខណៈដែលយើងធ្វើការងារដើម្បីទទួលបានសន្តិភាពយូរអង្វែង និងធានាបាននូវការបញ្ឈប់ការសម្លាប់។ ក្របខ័ណ្ឌរបស់យើងសម្រាប់ POTUS ដើម្បីវាយតម្លៃការដឹកជញ្ជូនយោធានៅទូទាំងពិភពលោកនៅតែមានជាធរមាន និងរួមបញ្ចូលជាមួយអាទិភាពការពារជាតិរបស់សហរដ្ឋអាមេរិក»។
នៅពេលមុននេះ លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនទៅកាន់ទីក្រុងគៀវនូវសព្វាអាវុធមួយចំនួនបន្ថែមទៀត ដែលទាំងនោះភាគច្រើនជាសព្វាវុធការពារ។
កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានញូវយ៉កថាមស៍ បានរាយការណ៍ថា សហរដ្ឋអាមេរិកនឹងផ្អាកការបញ្ជូនទៅកាន់អ៊ុយក្រែននូវគ្រាប់មីស៊ីលស្ទាក់ចាប់ Patriot គ្រាប់បែក GMLRS គ្រាប់មីស៊ីល Hellfire ប្រព័ន្ធមីស៊ីលចល័ត Stinger និងអាវុធជាច្រើនទៀត។ យ៉ាងណាក៏ដោយ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ប្រធានាធិបតីអាម៉េរិកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននៅតែបន្តផ្តល់ជំនួយផ្នែកយោធាដល់ទីក្រុងគៀវ ខណៈដែលទទួលស្គាល់ថា សហរដ្ឋអាមេរិកខ្លួនឯងត្រូវការរក្សាឃ្លាំងអាវុធរបស់ខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





