ទីក្រុងសេអ៊ូលទប់ទល់នឹងរលកកំដៅ ៣៦អង្សាសេស៊ុសនៅក្នុងសប្តាហ៍នេះ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ -- ប្រទេសកូរ៉េខាងត្បូងកំពុងប្រឈមមុខនឹងរលកកំដៅនៅក្នុងសប្តាហ៍នេះ ដោយអ្នកឧតុនិយមបានព្រមានថា ស្ថានភាពអាក្រក់បំផុតមិនទាន់មកដល់សម្រាប់ទីក្រុងសេអ៊ូល និងតំបន់ភាគខាងលិចនៅឡើយទេ។
រដ្ឋបាលឧតុនិយមកូរ៉េ (KMA) បានធ្វើបច្ចុប្បន្នភាពនៃការជូនដំណឹងអំពីរលកកំដៅដែលឈានដល់ការព្រមានសម្រាប់រដ្ឋធានីសេអ៊ូល និងតំបន់ភាគខាងលិចជាច្រើនកាលពីថ្ងៃចន្ទ ដោយសីតុណ្ហភាពនៅទីក្រុងសេអ៊ូលត្រូវបានគេរំពឹងថានឹងឡើងដល់ ៣៦អង្សាសេស៊ុសសម្រាប់រយៈពេលពេញមួយសប្តាហ៍។
ការព្រមានអំពីរលកកំដៅបានគ្របដណ្តប់តំបន់អាកាសធាតុចំនួន១២២ ក្នុងចំណោមតំបន់អាកាសធាតុចំនួន១៨៣ របស់ប្រទេស។ តំបន់ចំនួន ៥៥ផ្សេងទៀតនៅតែស្ថិតនៅក្រោមការប្រឹក្សាយោបល់។ ការណែនាំអំពីរលកកំដៅនេះត្រូវបានដាក់ចេញនៅពេលដែលសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងឡើងដល់ ៣៣អង្សាសេស៊សុ ឬខ្ពស់ជាងនេះក្នុងរយៈពេលលើសពីពីរថ្ងៃ។ ការព្រមានអំពីរលកកម្ដៅត្រូវបានចេញនៅពេលដែលសីតុណ្ហភាពខ្ពស់ចាប់ពី ៣៥អង្សាសេស៊ុស ឬខ្ពស់ជាងនេះត្រូវបានគេព្យាករណ៍ថានឹងនៅតែបន្តកើតមានលើសពីពីរថ្ងៃជាមួយនឹងសក្តានុពលក្នុងការបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាព និងរំខាននៅទូទាំងតំបន់ដែលរងផលប៉ះពាល់។
សម្រាប់ទីក្រុងសេអ៊ូល នេះជាការព្រមានអំពីរលកកំដៅជាលើកដំបូងនៃរដូវកាលនេះ ដែលជាការផ្ទុះឡើង ១៨ថ្ងៃលឿនជាងកំដៅដែលបានកំណត់កាលពីឆ្នាំមុន។
ការព្យាករណ៍បានបង្ហាញថា សីតុណ្ហភាពខ្ពស់នៅពេលថ្ងៃនៅទីក្រុងសេអ៊ូលអាចឡើងដល់ ៣៦អង្សាសេស៊ុសទាំងថ្ងៃអង្គារ និងថ្ងៃពុធ ដែលវាអាចបំបែកកំណត់ត្រាកាលពីដើមខែកក្កដាដែលមានកម្រិត ៣៦,៨អង្សាសេស៊ុសរបស់រដ្ឋធានីមួយនេះដែលបានកំណត់កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ១៩៣៩។ រដ្ឋបាល KMA បានព្រមានថា ការរួមបញ្ចូលគ្នានៃសំណើមខ្ពស់ និងពន្លឺព្រះអាទិត្យខ្លាំងនឹងធ្វើឱ្យលក្ខខណ្ឌអាកាសធាតុកាន់តែមានការអាក្រក់ទៅ។
ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនេះ រដ្ឋាភិបាលទីក្រុងសេអ៊ូលបានបង្កើនការជូនដំណឹងអំពីវិបត្តិរលកកំដៅនេះពី «ការប្រុងប្រយ័ត្ន» ទៅជា «ការព្រមាន» វិញ។
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក គីម មីនស៊ុក (Kim Min-seok) បានចាប់ផ្តើមថ្ងៃដំបូងរបស់លោកនៅក្នុងតំណែងនេះដោយទៅទស្សនកិច្ចនៅការដ្ឋានសំណង់មួយ ដើម្បីត្រួតពិនិត្យពិធីសារសុវត្ថិភាពកំដៅ ដោយកំណត់កាលវិភាគផ្លូវការសម្ពោធរបស់លោក។ លោកបានបញ្ជាក់ពីតម្រូវការទាំងវិស័យសាធារណៈ និងឯកជនក្នុងការអនុម័តគោលការណ៍ណែនាំស្តង់ដារដើម្បីការពារកម្មករដែលងាយរងគ្រោះ។
លោកបាននិយាយថា «រលកកំដៅ គឺជាគ្រោះមហន្តរាយសង្គមដែលវាយប្រហារសង្គម និងសេដ្ឋកិច្ចដែលងាយរងគ្រោះបំផុត» ដោយលោកបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរដ្ឋាភិបាល និងសភា ដើម្បីកាត់បន្ថយគ្រោះថ្នាក់។
ក្រុមអ្នកឧតុនិយមបានរំពឹងថា រលកកំដៅនេះនឹងបន្តកើតមានពេញមួយសប្តាហ៍ ដោយគ្រាន់តែមានការបន្ធូរបន្ថយបន្តិចបន្តួចប៉ុណ្ណោះ។ ខ្យល់ភាគខាងជើងដែលត្រជាក់ជាង ត្រូវបានគេព្យាករណ៍ថានឹងរុញទៅភាគខាងត្បូងនៅថ្ងៃសៅរ៍សប្តាហ៍នេះ ដែលអាចនឹងនាំមកនូវភ្លៀងធ្លាក់នៅក្នុងរដ្ឋធានីសេអ៊ូល និងតំបន់ភាគកណ្តាលនៅពាក់កណ្តាលសប្តាហ៍ក្រោយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





