លោក ដូណាល់ ត្រាំ ជួបលោក ណេតាន់យ៉ាហ៊ូ នៅសេតវិមាន
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅសេតវិមានកាលពីថ្ងៃចន្ទ។
លោក ណេតាន់យ៉ាហ៊ូ បានចាកចេញពីទីក្រុងតេលអាវីវកាលពីថ្ងៃអាទិត្យឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដើម្បីធ្វើការពិភាក្សាអំពីបញ្ហាក្នុងតំបន់ រួមទាំងកិច្ចព្រមព្រៀងបទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា។
នៅក្នុងដំណើរទស្សនកិច្ចលើកទី៣ របស់លោកទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ លោក ណេតាន់យ៉ាហ៊ូ ក៏ត្រូវបានគេរំពឹងថានឹងជួបជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលសហរដ្ឋអាមេរិក និងសមាជិកសភាមកពីភាគីទាំងពីរផងដែរ។
នៅពេលមុននេះ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា មាន «ឱកាសល្អ» សម្រាប់ការសម្រេចបាននូវការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាជាមួយក្រុមហាម៉ាស់ប៉ាឡេស្ទីននៅក្នុងសប្តាហ៍នេះ។
នៅពេលសួរអំពីសាររបស់លោកទៅកាន់លោក ណេតាន់យ៉ាហ៊ូ លោក ត្រាំ បាននិយាយថា «យើងកំពុងធ្វើការងារទៅលើរឿងជាច្រើនជាមួយអ៊ីស្រាអែល ហើយរឿងមួយក្នុងចំណោមនោះ គឺប្រហែលជាឈានដល់កិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍ជាមួយអ៊ីរ៉ង់»។
លោក ណេតាន់យ៉ាហ៊ូ នឹងប្រឈមមុខនឹងរលកនៃការតវ៉ាក្នុងអំឡុងពេលស្នាក់នៅសហរដ្ឋអាមេរិក។
ក្រុមបាតុករគាំទ្រប៉ាឡេស្ទីននឹងថ្កោលទោសទៅលើដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីអាម៉េរិក ហើយពួកគេក៏នឹងទាមទារឱ្យបញ្ចប់ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះសង្គ្រាមដែលកំពុងបន្តរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបផងដែរ។
បើទោះបីជាមានការអំពាវនាវជាអន្តរជាតិឱ្យមានការឈប់បាញ់គ្នាក៏ដោយ ក៏អ៊ីស្រាអែលបានបន្តសង្រ្គាមប្រល័យពូជសាសន៍ទៅលើតំបន់ហ្គាហ្សា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៥៧.៤០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ កាលពីខែវិច្ឆិកាឆ្នាំមុន និងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូវ ហ្គាល់លេនត៍ (Yoav Gallant) ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ហ្គាហ្សា។
អ៊ីស្រាអែលក៏ប្រឈមមុខនឹងសំណុំរឿងប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិសម្រាប់សង្រ្គាមនៅក្នុងតំបន់ព័ទ្ធជុំវិញផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





