អង់គ្លេសកំណត់ឡើវិញនូវទំនាក់ទំនងជាមួយស៊ីរី
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ -- ប្រទេសស៊ីរី និងចក្រភពអង់គ្លេសបានបន្តទំនាក់ទំនងការទូតឡើងវិញកាលពីថ្ងៃសៅរ៍ ដែលត្រូវបានកត់សម្គាល់ដោយដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដេវីដ លែមមី (David Lammy) ទៅកាន់ទីក្រុងដាម៉ាស់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការដែលចេញផ្សាយដោយភាគីទាំងពីរ។
នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនោះ លោក លែមមី បានបន្តការអញ្ជើញជាផ្លូវការទៅកាន់ប្រធានកិច្ចការបរទេសស៊ីរី លោក អាស់សាដ អាល់-ស្សៃបានី (Asaad al-Shaibani) ដើម្បីបំពេញទស្សនកិច្ចនៅទីក្រុងឡុងដ៍។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីធ្វើការងារទៅលើការបើកឡើងវិញនូវស្ថានទូតស៊ីរីនៅទីក្រុងឡុងដ៍ និងដើម្បីបង្កើតក្រុមប្រឹក្សាសេដ្ឋកិច្ចស៊ីរី-អង់គ្លេស។
លោក លែមមី បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការគាំទ្រវិស័យកសិកម្ម និងការអប់រំរបស់ប្រទេសស៊ីរី។
យោងតាមរដ្ឋាភិបាលចក្រភពអង់គ្លេស បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក លែមមី បានគូសបញ្ជាក់អំពីចេតនារបស់ចក្រភពអង់គ្លេសក្នុងការគាំទ្រដល់ប្រទេសស៊ីរីក្នុងការកសាងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ និងធានាឱ្យមានការផ្លាស់ប្តូរនយោបាយបរិយាប័ន្ន។
នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនោះ លោក លែមមី បានប្រកាសកញ្ចប់ជំនួយដែលមានតម្លៃ ៩៤,៥លានផោន (១២៩លានដុល្លារអាម៉េរិក) ដើម្បីផ្តល់ជំនួយមនុស្សធម៌ គាំទ្រការអប់រំ និងជីវភាពរស់នៅនៅក្នុងប្រទេសស៊ីរី និងជួយដល់បណ្តាប្រទេសមួយចំនួនដែលទទួលជនភៀសខ្លួនស៊ីរី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





