OPEC+ ព្រមព្រៀងបង្កើនទិន្នផលប្រេង
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ -- អង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលគេស្គាល់ថាជា OPEC+ បានព្រមព្រៀងគ្នាកាលពីថ្ងៃសៅរ៍សប្តាហ៍មុនដើម្បីបន្តបង្កើនផលិតកម្មប្រេងរបស់ខ្លួន ដោយអនុម័តការបង្កើនចំនួន ៥៤៨.០០០បារ៉ែលក្នុងមួយថ្ងៃសម្រាប់ខែសីហា ខណៈដែលក្រុមនេះស្វែងរកតុល្យភាពនៃការកើនឡើងនៃតម្រូវការជាមួយនឹងការព្រួយបារម្ភទៅលើការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក។
ការសម្រេចចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំនិម្មិតជាលើកដំបូងនៃក្រុមដែលមានមូលដ្ឋាននៅទីក្រុងវីយែននេះ កើតឡើងចាប់តាំងពីតម្លៃប្រេងមានការកើនឡើង ហើយបន្ទាប់មកបានធ្លាក់ចុះបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ង់កាលពីខែមុន ដែលជាការបង្កើនល្បឿនពីការកើនឡើងប្រចាំខែមុនចំនួន ៤១១.០០០បារ៉ែលក្នុងមួយថ្ងៃ។
ក្រុម OPEC + ដែលមានសមាជិកប្រាំបីប្រទេសដែលគ្រប់គ្រងប្រហែលពាក់កណ្តាលនៃផលិតកម្មប្រេងពិភពលោក បាននិងកំពុងកំណត់ទិន្នផលចាប់តាំងពីឆ្នាំ២០២២ មក ដើម្បីគាំទ្រតម្លៃទីផ្សារ ប៉ុន្តែសារព័ត៌មានរ៉យទ័រស៍បានរាយការណ៍ថា ថ្មីៗនេះ OPEC+ បានផ្លាស់ប្តូរយុទ្ធសាស្រ្តដើម្បីទទួលបានចំណែកទីផ្សារឡើងវិញ ចំពេលដែលមានសម្ពាធពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) សម្រាប់ការបង្កើនផលិតកម្មដើម្បីរក្សាតម្លៃប្រេងឥន្ធនៈដែលធ្លាក់ចុះ។
អ្នកវិភាគភាគច្រើនបានរំពឹងថានឹងមានការកើនឡើងនូវទិន្នផលប្រចាំខែជាលើកទីប្រាំជាប់ៗគ្នា ខណៈដែលអង្គការ OPEC+ ដែលរួមមានប្រទេសអ៊ីរ៉ាក់ អារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ រួមជាមួយរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត មានគោលបំណងបំពេញតម្រូវការរដូវក្តៅ ខណៈដែលកំពុងការពារតម្លៃប្រេង។
កាលពីខែមុន គេឃើញការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងចំពេលដែលមានការភ័យខ្លាចនៃការរំខានការផ្គត់ផ្គង់នៅក្នុងតំបន់ឈូងសមុទ្រ នៅពេលដែលភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលបានកើនឡើងដល់ជម្លោះយោធាកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





